(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានសម្ដែងការគាំទ្រយ៉ាង ពេញទំហឹងចំពោះការបង្កើត សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលបានចូលរួមចំណែក ក្នុងគាំពារអ្នកសារព័ត៌មាន និងធ្វើឲ្យវិស័យព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើន ជាងនេះទៅទៀត។
ការសម្ដែងការគាំទ្រមកលើ ស.ស.ស.ក បែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែល ស.ស.ស.ក ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ បានចូលជួបសំណេះសំណាល និងសម្ដែងភារៈកិច្ច ជាមួយសម្ដេចក្រឡាហោម ស ខេង នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ សម្ដេច ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា «អ្នកសារព័ត៌មានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ ក្នុងការចូលរួមជួយសង្គមកម្ពុជា ដូច្នេះហើយ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ គួរប្រឹងប្រែងធ្វើការងារនេះ ឲ្យបានកាន់តែល្អថែមទៀត»។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានលើកឡើង ពីបញ្ហាមួយចំនួនដែលបាន កើតឡើងនៅទៅលើកអ្នកកាសែត ហើយសូមឲ្យយកច្បាប់ សារព័ត៌មានមកអនុវត្ត ជៀសវាងការលាបព័ណ៌គ្នាទៅវិញទៅមក។
ក្រៅពីសម្ដែងការគាំទ្រមកលើ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្ដេច ស ខេង ក៏បានឧបត្ថម្ភដល់ ស.ស.ស.ក នូវនូវថវិកា ២លានរៀលក្នុងមួយខែ សម្រាប់ជួលការិយាល័យ រួមនឹងកុំព្យូទ័រ Labtop ១០ គ្រឿង កុំព្យូទ័រលើតុ ៥គ្រឿង ម៉ាស៊ីនព្រីនទ័រ ៣គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង ដើម្បីដំណើរការ បានយ៉ាងរលូតទៅមុខទៀត ហើយសម្ដេចក្រឡាហោម ក៏បានជូនពរ ឲ្យថ្នាក់ដឹកនាំរបស់ ស.ស.ស.ក សូមឲ្យទទួលបាន ជោគជ័យក្នុងភារកិច្ចមួយនេះ។
ជាមួយគ្នានោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក្នុងនាម ស.ស.ស.ក ទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភរបស់ សម្ដេចក្រឡាហោម ស ខេង ហើយបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំ ប្រទេសកម្ពុជា៕