(ភ្នំពេញ)៖ ប្តីប្រពន្ធពីរនាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១០៖៣០ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារចាម ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ នៅរសៀលថ្ងៃដដែល នគរបាលបានបញ្ជូនជនសង្ស័យមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
នគរបាលបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់នេះ ពាក់ព័ន្ធករណីឆបោកប្រាក់៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ហើយជនសង្ស័យរត់គេចខ្លួនរហូត ។
នគរបាល បន្ថែមថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យចាប់ខ្លួន ទី១ ឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ និងទី២ ឈ្មោះ សុខ សក្តិនីកា ភេទស្រី អាយុ២៦ឆ្នាំ ។
ក្នុងដីកានេះ បានចោទប្រកាន់ ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៥ ៕