(ទីម័រខាងកើត-ឌីលី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ បានជួបជាមួយឯកអគ្គរដ្ឋ រាជទូតអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីក្រុងឌីលី រួមមាន៖ ប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ។

ជំនួបនេះបានធ្វើឡើងនៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលជាថ្ងៃចុងក្រោយនៃការបំពេញទស្សនកិច្ចផ្លូវការ លោកបណ្ឌិត កៅ គឹមហួន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តាទូតអាស៊ាន អំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ព្រមទាំង ជម្រាបជូនអំពីបច្ចុប្បន្នភាពចុងក្រោយនៃសមាជិកភាពរបស់ទីម័រខាងកើត នៅក្នុងអាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ជូនអង្គទូតអំពីការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕