(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ លោក ជិន លីហន មន្ត្រីព័ត៌មាននៃ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលមានជំងឺរលាកខួរឆ្អឹងខ្នងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីអគ្គលេខាធិការរងទី១ បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានថវិកា៥លានរៀល ព្រមទាំងផ្លែឈើ និងទឹកដោះគោ២កន្ត្រក មកជូនអ្នកជំងឺដែលបានលះបង់កម្លាំងកាយចិត្ត បម្រើការងារជូនជាតិ ក្នុងវិស័យព័ត៌មានជូន ទូរទស្សន៍ជាតិកម្ពុជា ដោយមិនខ្លាចនឿយហត់។
ទន្ទឹមនឹងនេះ លោកស្រីបានផ្តាំផ្ញើដល់ លោក ជិន លីហន សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងសូមជូនពរឆាប់បាន ជាសះស្បើយពីជំងឺ។ ដោយឡែកអ្នកជំងឺចំនួន ៦នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ជាមួយគ្នានោះ ក៏ទទួលបានថវិកាឧបត្ថម្ភក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាល យកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ជួបការលំបាកជនរងគ្រោះ និង ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕