(មីយ៉ាន់ម៉ា)៖ ក្រុមអ្នកកាន់ព្រះពុទ្ធសាសនា និងជាអ្នកជាតិនិយម មីយ៉ាន់ម៉ារាប់រយនាក់ នៅថ្ងៃអង្គារនេះ បាននំាគ្នាធ្វើបាតុកម្មតវ៉ាប្រឆំាងនឹង អតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក កូហ្វី អាណាន់ ដែលបានចាប់ផ្ដើមដំណើរ ទស្សនកិច្ចមកកាន់រដ្ឋ Rakhine ស្ថិតភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងស្វែងរក ដំណោះស្រាយជុំវិញ ការធ្វើទុក្ខបុកម្នេញមកលើ ជនជាតិដើម ភាគតិចម៉ូស្លីមរ៉ូហីងយ៉ា ។ នេះបើយោងតាមការផ្សាយរបស់ Channel News Asia នារសៀលថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមបាតុករទំាងអស់ បាននំាគ្នាស្រែកប្រឆំាងនឹង លោក កូហ្វី អាណាន់ តំាងតែពីលោកចុះពីលើយន្ដហោះ រហូតដល់រូបលោក ចាកចេញពីអាកាសយាន្តដ្ឋាន Sittwe ក្នុងរដ្ឋ Rakhine ដោយពួកគេបានសរសេរ នៅលើផ្ទាំងបដាជាច្រើន ដែលមានន័យថា «គ្មានឡើយអន្តរាគមន៍របស់បរទេស ចូលមកក្នុងកិច្ចការនៃរដ្ឋ Rakhine ហើយយើងក៏មិនចូលចិត្តដែរ ក្នុងការឱ្យអ្នកដទៃលូកដៃ ចូលក្នុងកិច្ចការតំបន់របស់យើង»។
សូមជំរាបជូនថា បើទោះជាជនជាតិដើមភាគតិច ម៉ូស្លីមរ៉ូហីងយ៉ា ភាគច្រើនបានរស់នៅលើទឹកដី មីយ៉ាន់ម៉ា អស់រាប់ទសវត្សរ៍មកហើយក្ដី ក៏ជនជាតិដើមភាគតិចនេះ នៅតែត្រូវបានគេចាត់ទុកថា ជាជនអន្តោប្រវេសន៍ ខុសច្បាប់មកពីប្រទេស បង់ក្លាដែស ហើយពួកគេតែងតែ ទទួលរងការរើសអើងនិងធ្វើទុក្ខបុកម្នេញ ពីសំណាក់ក្រុមជាតិនិយមមីយ៉ាន់ម៉ា។ តួយ៉ាងកាលពីឆ្នាំ ២០១២ ជនជាតិដើមភាគតិចរ៉ូហីងយ៉ា ច្រើនជាង ១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកកាន់សាសនាព្រះពុទ្ធជាតិនិយម និង ជនជាតិដើមភាគតិចរ៉ូហីងយ៉ា៕