(កោះកុង)៖ លោកទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បាន ផ្ដាំផ្ញើទៅកាន់កងទ័ព នៅតំបន់ប្រតិបត្តិការសឹងរង លេខ៣០៣ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពី បញ្ហាមីននៅតំបន់ ដែលខ្លូនឈរជើង ហើយត្រូវដាក់បន្ថែមស្លាកសញ្ញា ឲ្យបានច្រើននៅកន្លែង ណាដែលមានមីនមិនទាន់ផ្ទុះ។
ការផ្ដាំផ្ញើបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលលោកទេសរដ្ឋមន្ដ្រី សេរី កុសល និងលោក ផៃធូនផ្លាម កេសន អភិបាលរងខេត្តកោះកុង រួមទាំងមេបញ្ជាការ សឹករងខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ សហការជាមួយCMAC ក្រុម៨កម្ទេចគ្រឿងផ្ទុះ ចុះពិនិត្យពីស្ថានភាពតំបន់មីន ដែលសេសសល់ពីសម័យសង្គ្រាម ស្ថិតនៅតំបន់ប្រតិបត្តិការ សឹករង៣០៣ នៅចំណុចអូរដើមខោស និងចំណុចអូរម្តេង ដែលមានខ្សែបន្ទាត់ ជាប់ព្រំដែនកម្ពុជា-ថៃ។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា បើតាមសេចក្តីរាយការណ៍ពី ក្រុមការងារលោក ដែលចុះប្រចាំការនៅតំបន់នេះ តំបន់នេះនៅស្របខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ គឺមានគ្រាបមីនមិនទាន់ផ្ទុះ ដែលសេសសល់ពី សម័យសង្គ្រាមនៅច្រើន។ លោកបន្ថែមថា «កងទ័ពយើងដែលមានឈរជើងនៅទីនេះ គួរតែមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ជៀសវាងគ្រោះថ្នាក់ ហើយត្រូវមានការដាក់ ស្លាកសញ្ញាឲ្យបានច្រើន នៅតំបន់ណាដែលមានមីនមិនទាន់ផ្ទុះ ក្រោមការរុករករបស់ក្រុម CMAC មិនត្រូវចូលតំបន់នោះឡើយព្រោះ វាជាតំបន់គ្រោះថ្នាក់ហើយ យើងត្រូវដាក់ស្លាកសញ្ញជាសម្គាល់ឲ្យបានច្រើន ដើម្បីឲ្យប្រជាពលរដ្ឋចូលរកអុស ឬធ្វើចំការបានឃើញ និងបានយល់ពីតំបន់នោះ»។
ក្នុងនោះដែរ លោក បានចុះទៅពិនិត្យទីតាំងដែលត្រូវពលបាលទោម្នាក់ ចុះល្បាតបានផ្ទុះដាច់ជើងកាលអំឡុងដើម ខែសីហា ឆ្នាំ២០១៦ផងដែរ។ ក្រោយពីធ្វើការពិនិត្យតំបន់គ្រាប់មីនមិនទាន់ផ្ទុះរួចមកលោកទេសរដ្ឋមន្ដ្រី សេរី កុសល និងលោក ផៃធូន ផ្លាមកេសន បន្តចុះដាក់ស្លាកសញ្ញាបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ដ្រី សេរី កុសល លោកអភិបាលរងខេត្ត និងគណៈប្រតិភូជាច្រើននាក់ បានចុះសួរសុខទុក្ខ ហើយបាននាំថវិកា៣០ម៉ឺនរៀល ជូននាយទាហានម្នាក់ ដែលរងរបួសដោយរើស បានគ្រាប់បេ ហើយដោះយករំសេវមកកែច្នៃ ធ្វើរំសេវឆេះរោលពេញខ្លួន និងលើផ្ទៃមុខរងបួសធ្ងន់ធ្ងរ ដែលកំពង់ស្ថិតសម្រាក ក្នុងមន្ទីរពេទ្យបង្អែកខេត្ត យ៉ាងយកចិត្តទុកដាក់។
ជាមួយគ្នានោះដែរ គ្រូពេទ្យបានប្រាប់ លោកទេសរដ្ឋមន្ដ្រី ពីស្ថានភាពជម្ងឺនាយទាហានដែលរងរបួសថា ស្ថានភាពជំងឺរបស់គាត់ មិនប៉ះពាល់ដល់អាយុជីវិតទេ គ្រានតែជាតិរំសេវឆាបឆេះរោល តែប៉ុណ្ណោះ ហើយវាមិនបណ្តាលឲ្យ ប៉ះពាល់ផ្នែកក្នុងឡើយ រីឯកែវភ្នែករបស់គាត់ទាំងសងខាង ក៏អត់អីដែរ ព្រោះមន្រ្តីពេទ្យតាមដានគ្រប់ម៉ោង។ លោកទេសរដ្ឋមន្ដ្រី ក៏បានឧបត្ភម្ថដល់ អ្នកជម្ងឺដែលសម្រាក នៅក្បែរនោះ នូវថវិកាមួយចំនួនផងដែរ៕