(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត់ បានបញ្ជាក់ថា ទោះបីជាការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) ស្ថិតក្នុងក្រុងកំពត មិនទាន់រួចរាល់ក៏ពិតមែន តែរដ្ឋបាលខេត្តកំពត នឹងបើកឲ្យភ្ញៀវទេសចរចូលមកលេងកម្សាន្ត នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈដែលមន្ទីរជំនាញ បាននិងកំពុងមមាញឹកពន្លឿនការស្ថាបនាផ្លូវ ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

ថ្លែងបញ្ជាក់បែបនេះ ខណៈលោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយ ចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងការចុះពិនិត្យវឌ្ឍនភាពនេះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ឆ្នេរកម្សាន្តមួយនេះ គឺជាបេះដូងនៃខេត្តកំពត ក្រោយស្ថាបនារួចរាល់ហើយនោះ នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈ ឲ្យភ្ញៀវទេសចរ អាចងូតទឹកលេងបាន។

លោកអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាព ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាពន្លឿនការស្ថាបនាផ្លូវពាក់ព័ន្ធខាងលើនេះ ឲ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ត្រូវរៀបចំអនាម័យ បរិស្ថានឲ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ ដើម្បីលម្អនៅពេលយប់ ឲ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានស្ពានឥន្ធនូ រហូតដល់ស្ពានថ្មថ្មី។

ម្យ៉ាងទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឲ្យបានរួចរាល់ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឲ្យបានស្អាត។ នេះជាការបញ្ជាក់ របស់លោកអភិបាលខេត្ត។

ស្របជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបំផុសឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឲ្យបានផុសផុល ពិសេសសម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

លោកក៏ជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានា ក្នុងភូមិសាស្ត្ររបស់ខ្លួន  ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕