(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបនិសិ្សតចំនួន ១១រូប ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ជា ធីរិទ្ធ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាដំបូងលោកសាស្ត្រាចារ្យ ជា ធីរិទ្ធ បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានអនុញ្ញាតឱ្យនិស្សិតបានចុះមកសិក្សាស្វែងយល់ពីការបោះឆ្នោតនៅទីស្តីការ គ.ជ.ប។ លោកសាស្ត្រាចារ្យបានបន្តថា និស្សិតដែលចុះមកធ្វើកម្មសិក្សានាពេលនេះ កំពុងសិក្សាមុខវិជ្ជាផ្នែក វិទ្យាសាស្ត្រនយោបាយ ដែលមានការសិក្សាពាក់ព័ន្ធនឹងការបោះឆ្នោតដែរ ហើយគោលបំណងនៃ ជំនួបគឺដើម្បីស្វែងយល់បន្ថែមអំពីការបោះឆ្នោតនៅកម្ពុជា។ ម្យ៉ាងទៀតនិស្សិតចង់ស្តាប់ប្រសាសន៍ លោកហង្ស ពុទ្ធា ឱ្យបានច្រើន ព្រមទាំងមានសំណួរមួយចំនួនផងដែរ។

លោក ហង្ស ពុទ្ធា បានចែករំលែកបទពិសោធន៍ការងាររបស់លោកដែលធ្លាប់ធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៨ឆ្នាំ និងជាសមាជិក គ.ជ.ប មកទល់បច្ចុប្បន្នចំនួន ៩ឆ្នាំ។

លោកបានបន្តថា ឯកឧត្តមធ្លាប់ធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅតាមបណ្តាប្រទេស ជាច្រើនឃើញថា នៅប្រទេសខ្លះតាមសាលារៀនបឋមសិក្សាមានមុខវិជ្ជាបង្រៀន និងអនុវត្តការបោះឆ្នោតតាំងពីនៅវ័យកុមារ និងមានវិទ្យាស្ថានបង្រៀនអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋ។ ចំណែកនៅកម្ពុជា ពុំមានសាកលវិទ្យាល័យជំនាញខាងបោះឆ្នោតទេ។

លោកបានបន្ថែមថា ការ បោះឆ្នោតនៅកម្ពុជា គឺជាការប្រកួតប្រជែងគ្នាដោយសន្តិវិធី យកមតិភាគច្រើនដើម្បីមានតួនាទីដឹកនាំ ប្រទេស។ នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជា មានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលមានសមាជិកចំនួន ១២០រូប។ សមាជិកសភាធម្មនុញ្ញទាំង ១២០រូបនោះ បានតាក់តែងរដ្ឋធម្មនុញ្ញ និងអនុម័តរដ្ឋធម្មនុញ្ញ។ បន្ទាប់មកសមាជិកសភាធម្មនុញ្ញបានក្លាយទៅជាសមាជិករដ្ឋសភា។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ៥ឆ្នាំម្តងៗ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហើយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៦ឆ្នាំម្តង។

បន្ទាប់ពីបានស្តាប់នូវការចែករំលែកបទពិសោធន៍ការងារ និងការបោះឆ្នោតនៅកម្ពុជារួចមក ក្រុមនិស្សិតដែលចុះកម្មសិក្សាបានដាក់សំណួរជាច្រើនដល់លោក ហង្ស ពុទ្ធា ដែលសំណួរទាំងនោះមានដូចជា អព្យាក្រឹត្យភាពរបស់ គ.ជ.ប ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងនៅបណ្តាប្រទេស ផ្សេងៗទៀត ការចំណាយរបស់គណបក្សនយោបាយលើការឃោសនាបោះឆ្នោត ថវិកាគណបក្សនយោបាយ បញ្ហាប្រឈមរបស់ គ.ជ.ប ដំណើរការរាប់សន្លឹកឆ្នោត និងតម្លាភាពនៃការបោះឆ្នោត។ល។

ឆ្លើយទៅនឹងសំណួរខាងលើដល់និសិ្សតទាំងនោះ លោក ហង្ស ពុទ្ធា បានលើកឡើងអំពីខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញ ដែលមានចែងអំពីស្ថាប័នរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ព្រមទាំងច្បាប់ស្តីពីគណបក្សនយោបាយជាដើម។

ក្រោយពីបានស្តាប់ការបកស្រាយនូវចម្ងល់របស់ខ្លួនរួចហើយ និស្សិតទាំងអស់បានថ្លែងអំណរគុណដល់លោក ហង្ស ពុទ្ធា ដែលបានចំណាយពេលវេលាទទួលជួបពួកគាត់ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីការបោះឆ្នោតឱ្យកាន់តែច្បាស់ថែមទៀត។ ទន្ទឹមនឹងនេះ លោក ហង្ស ពុទ្ធា ក៏បានផ្តល់ឱកាសដល់និស្សិតទាំងអស់អាចសាកសួរបានគ្រប់ពេលតាមរយៈទូរសព្ទដៃ ឬ តាមអនឡាញ(Online)៕