(ភ្នំពេញ)៖ ក្រោយពីធ្វើការណែនាំញឹកញយ និងកិច្ចសន្យាចំនួន៤លើក សុំឲ្យឈប់ការលក់ប៉ោងៗ នៅតាមផ្លូវសុរាម្រិតកែងផ្លូវវិមានឯករាជ្យ ហើយនៅតែមិនព្រមស្តាប់ទៀតនោះ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានជួបណែនាំផ្ទាល់ទៅលោក កែវ ស៊ីនវី អាយុ៤៨ឆ្នាំ ជាអ្នកលក់ប៉ោងៗ។
ជាលទ្ធផលបុរសអ្នកប្រកបរបរមួយនេះ បានយល់ព្រមតាមអភិបាលខណ្ឌ ដោយបញ្ឈប់ការលក់ដូរ នៅទីតាំងខាងលើ ដែលនាំឲ្យប៉ះអារម្មណ៍ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរ។
សូមជម្រាបថា នៅថ្ងៃទី០៥ ខែកញ្ញា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះទៅឃាត់បុរសអ្នកលក់ប៉ោងៗម្នាក់ នៅតាមបណ្តោយផ្លូវសុរាម្រិត កែងផ្លូវវិមានឯករាជ្យ ព្រោះវាមានហានិភ័យខ្ពស់ដល់អ្នកដំណើរ ភ្ញៀវជាតិ-អន្តរជាតិ និងប្រតិភូដឹកនាំដែលឆ្លងកាត់ តាមវិថីនេះជាញឹកញយ។ ក្រោយពេលជួបជាមួយលោកអភិបាលខណ្ឌរួចមក លោក កែវ ស៊ីនវី បានទទួលស្គាល់កំហុសខ្លួនឯងកន្លងមក និងបានសន្យាបញ្ឈប់ការលក់ដូរបែបនេះ ដោយយល់ព្រមធ្វើតាមការណែនាំរបស់លោកអភិបាល។
សម្រាប់ករណីនេះកម្លាំងសន្តិសុខខណ្ឌដូនពេញ បានធ្វើការណែនាំអប់រំ ដោយបានធ្វើកិច្ចសន្យាចំនួន០៤លើក រួចមកហើយ នៅចំណុចមុខសាលាគរុកោសល្យ ស្ថិតនៅមហាវិថីព្រះសុរាម្រិត ខាងលិចវិមានឯករាជ្យ ដែលជាតំបន់ហាមឃាត់ លើកទី១ នៅរសៀលថ្ងៃទី០២ មិថុនា ឆ្នាំ២០១៦, លើកទី២ នៅព្រឹកថ្ងៃទី២០ មិថុនា ឆ្នា២០១៦, លើកទី៣ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នឹងលើកទី៤នៅថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៦ម្សិលមិញ។
ទើបនៅថ្ងៃទី៦ កញ្ញានេះ កម្លាំងសន្តិសុខខណ្ឌដូនពេញ បាននាំបុរសរូបនេះ ជាមួយសម្ភារលក់ដូរ មានម៉ូតូ១គ្រឿង និងធុងហ្គាស សម្រាប់បំប៉ោងប៉េងប៉ោងចំនួន៤ យកមកទីស្នាក់ការ ដើម្បីរង់ចាំការអប់រំផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
មន្រ្តីសន្តិសុខបានឱ្យដឹងថា កន្លងមកមានម្ចាស់ Account Facebook ឈ្មោះ William Guang បានសរសេរ និងបង្ហោះជាសាធារណៈ រិះគន់ពីការចុះណែនាំខាងលើ ដែលធ្វើឲ្យប៉ះពាល់ដល់ការ រៀបចំសណ្តាប់សាធារណៈ និងកិត្តិយសរបស់កម្លាំងសន្តិសុខខណ្ឌដូនពេញ ដែលតែងតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់ការពារប្រយោជន៍រួម ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន។ ដូច្នេះសកម្មភាពទាំងអស់នេះ មិនមែនដូចការលើកឡើងរបស់ម្ចាស់ Account Facebook ខាងលើនោះទេ៕