(រតនគិរី)៖ ក្រុមការងារសកម្មភាពជនពិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមសហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់មន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគីរី នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
លោក លឹម គង់ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំកិច្ចប្រជុំនេះ នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគីរី បានបញ្ជាក់ឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តែងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងមានគោលការណ៍ លើកទឹកចិត្តចំពោះជនពិការ ដោយក្នុងនោះ បានផ្តល់អាទិភាពក្នុងការ ជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារ ក្នុងក្រសួង មន្ទីរ ជារៀងរាល់ឆ្នាំ ហើយបានដាក់ចេញនូវគោលការណ៍ លើកទឹកចិត្តដល់មន្ត្រីរាជការ ជាជនពិការ ដូចជា ការផ្តល់មុខតំណែង សមស្របសម្រាប់ពួកគាត់ ក្នុងតួនាទីដឹកនាំក្នុងអង្គភាព ការគាំទ្រជាស្មារតី ថវិកា ពេលមានធុរៈចាំបាច់ ការជួយបណ្តុះបណ្តាល សិក្សារៀនសូត្រ និងណែនាំដល់អង្គភាពនានា ត្រូវប្រកាន់ខ្ជាប់គោលការណ៍ មិនរើសអើងជនពិការ។
ទន្ទឹមនឹងនេះ តាមរយៈការអនុវត្តតួនាទី របស់ខ្លួន ក្រសួងនឹងជួយជំរុញឲ្យសហគ្រាសកម្មន្តសាល ជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារតាមគ្រប់លទ្ធភាព ដែលអាចធ្វើបាន និងបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតជាជនពិការ ក្នុងការបំពេញការងារ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្កើតយន្តការសម្របសម្រួល អនុវត្តកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយបង្កើតក្រុមការងារសកម្មភាពជនពិការ ថ្នាក់ក្រសួង និងអនុក្រុមការងារ សកម្មភាពជនពិការនៅថ្នាក់មន្ទីរផងដែរ ហើយបានចុះធ្វើសកម្មភាព និងរៀបចំរបាយការណ៍ឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការរភាព ២០១៤-២០១៨។
ក្នងឱកាសនោះដែរ លោកស្រី ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ តំណាងឲ្យ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានយកចិត្តទុកដាក់ សហការចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨។ លោកស្រីបានចាត់ទុកថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាក្រសួងឈានមុខមួយ ដែលសកម្មក្នុងការចុះផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ដល់គ្រប់អង្គភាពក្រោមឱវាទ នៅតាមមូលដ្ឋានរាជធានីខេត្ត ហើយក៏សូមអបអរសាទរផងដែរ ដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានផ្សព្វផ្សាយ ដល់មន្ទីរក្រោមឱវាទបានគ្រប់២៥រាជធានី ខេត្ត។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០០៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងមានក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធមួយចំនួនធំ ជាសមាជិក៕