(ភ្នំពេញ)៖ កម្មកររោងចក្រកាត់ដេរ ដុងឌូ ថេកស្កាយ (ខេមបូឌា) មានគ្នា៤៩០នាក់ បាននាំគ្នាធ្វើកូដកម្មទាមទារ ពីនេះពីនោះ ស្នើទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផង និងលោករដ្ឋមន្រ្តីក្រសួងការងារផង រហូតមានបទបញ្ជាឱ្យភាគី រោងចក្រអនុវត្ត តាមគ្រប់លក្ខខណ្ឌ តែចុងក្រោយ បែរជាកម្មករមួយចំនួន នៅតែមិនសុខចិត្តលើបញ្ជា របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល ដោយចូលទៅក្នុងរោងចក្រ ហើយនាំគ្នាមិនធ្វើការ និងបង្កជាបញ្ហា ដល់កម្មករដទៃ និងរោងចក្រមិនចេះចប់មិនចេះហើយ។
តំណាងភាគីរោងចក្រមួយរូប បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា កម្មករ-កម្មការិនីមួយចំនួន នៅរោងចក្រកាត់ដេរ DONG DU ខាងលើ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវជាតិលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បាននាំគ្នាធ្វើកូដកម្ម នៅមុខរោងចក្រខុសនីតិវិធី កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយសហជីពការងារកម្មករកម្ពុជា ដោយបានទាមទារឱ្យ ទទួលយកថ្នាក់ដឹកនាំ សហជីពចូលធ្វើការវិញ។
តំណាងដដែលបានបន្តថា ក្រុមកម្មករទាំងនោះ បានស្នើទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីទាមទារឱ្យតំណាង សហជីពចូលធ្វើការវិញ។ លុះដល់ថ្ងៃទី១០ សីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាឱ្យរោងចក្រទទួលយក កម្មករ ៤នាក់ និងថ្នាក់ដឹកនាំសហជីព ៣នាក់ទៀត ចូលធ្វើការវិញ។ នៅថ្ងៃទី២២ សីហា ក្រុមកម្មករដែលធ្វើកូដកម្មនោះ បានព្យាយាមសម្រុកចូលរោងចក្រ តែមានកម្មករមួយចំនួនដែលកំពុងធ្វើការ បានរារាំងមិនស្វាគមន៍។ ក្រោយមកពួកគាត់បានបន្តលើកបដា នៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំឱ្យលោករដ្ឋមន្ត្រី ជួយអន្តាគមន៍។
តំណាងរូបនេះ បានបន្តទៀតថា ដោយសារតែមានកិច្ចអន្តរាគមន៍ ភាគីរោងចក្រក៏បានយល់ព្រម ទទួលពួកគេ ឱ្យចូលធ្វើការវិញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីបញ្ចប់បញ្ហានានា ដែលកើតមានឡើងកន្លងមក។ ប៉ុន្តែនៅពេលខាងរោងចក្រ យល់ព្រមអនុវត្តតាមសេចក្តីបញ្ជា របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បែរជាមានកម្មករមួយចំនួនតូចមិនព្រមធ្វើការ បែរជាទៅទៅអង្គុយលេង ទៅវិញ។ ខាងរោងចក្របានធ្វើលិខិតមួយច្បាប់ សុំឱ្យលោករដ្ឋមន្ត្រីក្រសួងការងារ ជួយអន្តរាគមន៍ក្នុងរឿងនេះវិញដែរ។
លោកស្រី XU JU FANG នាយិការោងចក្រ DONG DU នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើលិខិតមួយច្បាប់ ជូនលោករដ្ឋមន្ត្រីក្រសួងការងារ ឱ្យជួយអន្តរាគមន៍ដោះស្រាយ ដោយបានបញ្ញាក់ថា ក្រុមហ៊ុនបានអនុវត្តតាម សេចក្តីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល រួចហើយ ដោយក្រុមហ៊ុនបានអនុញ្ញាតឱ្យកម្មករ ចូលធ្វើការវិញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ជាធម្មតាឡើងវិញហើយ ដែលមានកម្មករសរុប ៤៩០នាក់ ចូលក្នុងអាគារផលិត។
លោកស្រី XU JU FANG បន្តថា មានកម្មករចំនួន១៨២នាក់ បានអនុវត្តតាមសេចក្តីបញ្ជា របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយមានកម្មករចំនួន៣០៨នាក់ទៀត មិនអនុវត្តតាម ដោយពួកគាត់បានអង្គុយ នៅក្នុងអាគារផលិតកម្ម តែមិនបំពេញការងារ និងមានចេតនាមកអុកឡុកក្រុមហ៊ុន។
នៅក្នុងរបាយការណ៍មួយរបស់រោងចក្រ ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០១ កន្លងទៅ បានផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយសុំឱ្យលោករដ្ឋមន្ត្រី ចាត់វិធានការចំពោះឈ្មោះ មុំ សុខមាន, ឈ្មោះ ណុប ផល្លី និងឈ្មោះ ខឹម ប៊ុនធឿន ដែលញុះញង់ឱ្យមានកូដកម្មខុសច្បាប់ កាលពីថ្ងៃទី ២៦-២៧-២៨-២៩ និង៣០ ខែឧសភា ឆ្នាំ២០១៦ និងបណ្តាលឱ្យខាតបង់ផលិតកម្ម ក្នុងថ្ងៃកូដកម្មចំនួន ៩២,១០៩ដុល្លារ និងខាតបង់ប្រយោជន៍ កម្មករចំនួន ១៧,១៨៣ ដុល្លារ។ ដោយឡែក លិខិតសុំអន្តរាគមន៍នេះ នៅពុំទាន់មានចម្លើយពី លោករដ្ឋមន្ត្រីនៅឡើយទេ៕