(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការចរចាសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រសួង បានដំណើរការកិច្ចការនេះ ជាមួយគ្រប់ក្រសួងស្ថាប័ននានា របស់រដ្ឋនៅក្នុងរយៈពេលជិតមួយខែរួចមក។ តាមកម្មវិធីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ច បាននិងកំពុង ពិភាក្សាចរចាកញ្ចប់ថវិកាឆ្នាំ២០១៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងរយៈពេលពេញមួយថ្ងៃ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដែលទទួលបន្ទុកដឹកនាំការងាររៀបចំថវិកា និងចរចាថវិកា ជាមួយគ្រប់ក្រសួង ស្ថាប័ននានារបស់រដ្ឋ បានគូសបញ្ជាក់ថា លទ្ធផលនៃការចរចារៀបចំ កញ្ចប់ថវិកាឆ្នាំ២០១៧ ជាមួយ ក្រសួងស្ថាប័ននានា នៅក្នុងរយៈពេលជិតមួយខែនេះ គឺបានឆ្លើយតបជាសារវ័ន្ត ទៅនឹងអាទិភាពគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការបង្កើនគុណភាពសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការទ្រទ្រង់ដល់ប្រតិបត្តិការ របស់រដ្ឋឱ្យកាន់តែ មានប្រសិទ្ធិភាព ពិសេសការដំឡើង ប្រាក់បៀវត្ស និងការទ្រទ្រង់ ដល់ចលនការនៃការកែទម្រង់របស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនប្រសិទ្ធភាព នៃការវិភាជន៍ថវិកា និងការលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និងបច្ចេកទេស។
លោករដ្ឋលេខាធិការ ក៏បានបន្កថា «ការរៀបចំថវិកាឆ្នាំនេះ គឺត្រូវធានាឱ្យបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចផង និងទ្រទ្រង់ ដល់កំណើនផង ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទាំងមូល នៅក្នុងក្របខ័ណ្ឌ នៃការរក្សាតុល្យភាពនិងចិរភាព ថវិកាជាតិ»។ លោករដ្ឋលេខាធិការ ក៏បានបង្ហើបឱ្យដឹងទៀតផងដែរថា ដើម្បីសម្រេចបាននូវការគិតគូខាងលើនេះ ការចរចារៀបចំថវិកា ជាមួយក្រសួងស្ថាប័នខ្លះ ត្រូវបានចំណាយអស់រយៈពេលពី ៨ ទៅ១០ម៉ោង ដោយពុំមានការឈប់ សម្រាកនោះទេ។
លោកបន្តថា «ការរៀបចំថវិកាឆ្នាំ២០១៧ ក៏បានគិតគូផងដែរ ដល់ការបោះឆ្នោត ឃុំសង្កាត់ឆ្នាំ២០១៧ ការត្រៀមខ្លួន នៅក្នុងការទប់ទល់ នឹងវិបត្តិដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងផ្តល់ការឆ្លើយបតទៅនឹងបរិការណ៍ថ្មី របស់កម្ពុជាក៏ដូចជានិន្នាការរបស់ពិភពលោក និងតំបន់ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាពវិបុលភាព និងយុត្តិធម៌សង្គម»។ តាមប្រតិទិននៃការងារបន្ទាប់ពីការចរចារថវិកានេះត្រូវបានបញ្ចប់, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបូកសរុបវេចខ្ចប់រៀបចំជាសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ដាក់ជូន គណៈរដ្ឋមន្រ្តី ពិនិត្យសម្រេច រួចដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាពិនិត្យនិងអនុម័ត ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ជាស្ថាពរមុនថ្ងៃទី២៥ ខែធ្នូ។
ដោយឡែក ចំពោះការពិភាក្សា និងចរចារៀបចំកញ្ចប់ថវិកា សម្រាប់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ លោក រដ្ឋលេខាធិការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានខិតខំអស់ពីលទ្ធភាព ក្នុងការផ្តល់នូវ ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ទាំងក្នុងកម្រិតវិភាជថវិកា និងទាំងក្នុង កម្រិតអនុវត្តថវិកា ដើម្បីសម្រេចឱ្យបាន ជាអតិបរិមានូវគោលដៅទាំងឡាយ ដែលក្រសួងអប់រំបានដាក់ចេញ ពិសេសការកែទម្រង់ក្នុងវិស័យអប់រំ សម្រាប់បម្រើឱ្យ គោលដៅនៃការអភិវឌ្ឍរយៈពេលធម្យម និងវែងរបស់កម្ពុជា។ ក្រសួងសេដ្ឋកិច្ច នឹងបន្តផ្តល់នូវការគាំទ្រដល់ក្រសួងអប់រំ សម្រាប់ឆ្នាំ២០១៧ ទៀត ពិសេសការគាំទ្រចំពោះគោលនយោបាយ និងសកម្មភាពអាទិភាពនានា ដូចជា ការធានាឱ្យបាន នូវលទ្ធភាពចូលរៀន, ការកាត់បន្ថយការបោះបង់ការសិក្សា, ការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាព និងគុណភាពគ្រូបង្រៀន ព្រមទាំងបង្កើនការគាំទ្រដល់ស្ថាប័ន និងអភិបាលកិច្ច ព្រមទាំងកិច្ចដំណើការរបស់សាលារៀន នៅគ្រប់កម្រិត ប្រមាណទូទាំងប្រទេស។ល។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ របស់ក្រសួងមកចូលរួមក្នុងកិច្ចប្រជុំចរចារៀបចំថវិកានេះ បានលើកឡើងពីសសរស្តម្ភទាំង០៥ របស់ក្រសួង និងសកម្មភាព អាទិភាព សម្រាប់ការរៀចំថវិកាឆ្នាំ២០១៧ ដូចជា ការអនុវត្តផែនការ សកម្មភាព គ្រូបង្រៀន, អធិការកិច្ចអប់រំ, ការវាយតម្លៃ លទ្ធផលសិក្សារបស់សិស្ស,ការអភិវឌ្ឍកម្មវិធីសិក្សា និងបរិស្ថានសិក្សា,ការអភិវឌ្ឍឧត្តមសិក្សា,យុវជន,អប់រំកាយនិងកីឡា៕