(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជំរុញឲ្យអាជ្ញាធរខេត្ត បង្កើនការយកចិត្តទុកដាក់ ក្នុងចុះជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះរាំងស្ងួត ហើយត្រូវធ្វើការពិនិត្យឲ្យបានទៀតទាត់ ប្រសិនបើការចាំបាច់ត្រូវតែបើកដំណើរការនូវស្ថានីយ៍បូមទឹកទាំង៩កន្លែងភ្លាមៗ។
ការជំរុញរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលលោក រួមដំណើរជាមួយក្រុមការងារមន្ទីរធនធានទឹក និងជាមួយប្រជាពលរដ្ឋជាច្រើននាក់ ទៅជួសជុលប្រឡាយស្ថានីយ៍បូមទឹកព្រៃទួល ដើម្បីបូមទឹកជួយសង្គ្រោះស្រូវ៨៥ហិកតា ស្ថិតក្នុង៩ភូមិ នៅឃុំវ័ល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត លើកឡើងថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានចុះជួយបងប្អូនគ្រប់គោលដៅដែលកំពុងជួបគ្រោះរាំងស្ងួត នៅទូទាំងខេត្ត ហើយក្នុងនាមលោកជាថ្នាក់ដឹកនាំ សុំឲ្យបងប្អូនមេត្តាយកចិត្តទុកដាក់ក្នុងការបង្កបង្កើនដំណាំស្រូវ ដើម្បីបំពេញជីវភាព ហើយត្រូវសហការឲ្យបានល្អ ជាមួយជំនាញក្នុងការនាំទឹកទៅកាន់ទីស្រែរៀងៗខ្លួន។ លោកអភិបាល ក៏បានបញ្ជាឲ្យមន្ដ្រីជំនាញ ពិនិត្យឲ្យបានល្អិតល្អន់ នៅតាមតំបន់ធារាស្រ្ត ដែលត្រូវបូមស្រោចស្រប់ជូនពលរដ្ឋ។
ជាមួយគ្នានោះដែរ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានលើកឡើងដែរថា មន្ទីរក្រោយពីបានទទួលការណែនាំរបស់អភិបាល លោកបានចាត់តាំងមន្ត្រីអនុវត្តគម្រោងសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលមាន៩ទីតាំងក្នុងនោះមាន ទី១-ស្ថានីយ៍បូមទឹក សម្តេច សាយ ឈុំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ដែលមានផ្ទៃដីសង្គ្រោះបាន៤៥០ហិកតា ទី២-ស្ថានីយ៍បូមទឹក សម្តេច សាយ ឈុំ ឃុំតាំក្រូច ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោះបាន២០០ហិកតា ទី៣-ស្ថានីយ៍បូមទឹក សម្តេច សាយ ឈុំ ភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ដែលមានផ្ទៃដីសង្គ្រោះ១៥ហិកតា ទី៤-ស្ថានីយ៍បណ្តែតទឹក សំ ប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោះ២០០ហិកតា ទី៥-ស្ថានីយ៍បូមទឹកភូមិឈើទាលទី១ និង២ទី សង្កាត់សុពរ័ទេព ក្រុងច្បារមន ដែលមានផ្ទៃដីសង្គ្រោះ១៨០ហិកតា ទី៦-ស្ថានីយ៍បូមទឹកសម្តេច សាយ ឈុំ កំប៉ៅ ឃុំព្រៈនិពាន ស្រុកគងពិសី ដែលមានផ្ទៃដីសង្គ្រោះ១០០ហិកតា ទី៧-ស្ថានីយ៍បូមទឹកភូមិគក ឃុំព្រៈនិពាន ស្រុកគងពិសី ដែលមានផ្ទៃដីសង្គ្រោះ៨៥ហិកតា ទី៨-ស្ថានីយ៍បូមទឹក ភូមិព្រៃទួល ឃុំវល្លស ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោះ៩០ហិកតា និងទី៩-ស្ថានីយ៍ភូមិចំការរត្ន័ ឃុំវល្លស ស្រុកសំរោងទង ដែលមានផ្ទៃដីសង្គ្រោះ៨៥ហិកតា។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា រាល់ការបូមទឹកសង្គ្រោះ ស្រូវរបស់ពលរដ្ឋ មន្ទីរធនធានទឹកជាផ្គត់ផ្គង់ប្រេងសម្រាប់ដំណើរការទាំងអស់៕