ថៃស្នើឲ្យកម្ពុជា ផលិតភាពយន្ត ចាក់ផ្សាយជូនពលរដ្ឋថៃទស្សនា ដើម្បីជំរុញឱ្យមានវិនិយោគបន្ថែមនៅកម្ពុជា
06-09-2016 14:00
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់ថៃ បានស្នើឱ្យកម្ពុជា ផលិតជាខ្សែភាពយន្តភាគមួយ ទាក់ទងនឹងការរីកចម្រើន ស្ថិរភាព សុវត្ថិភាព ចំពោះអ្នកវិនិយោគនានា ដើម្បីចាក់ផ្សាយឲ្យប្រជាជន និងវិនិយោគិនថៃ បានយល់ដឹងឃើញច្បាស់ពីកម្ពុជា សំដៅជំរុញឱ្យពួកគេមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ការលើកឡើងបែបនេះ ត្រូវធ្វើឡើងក្នុងជំនួបពីភាក្សារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Nattavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងព័ត៌មាន។
នៅក្នុងជំនួបពិភាក្សានោះ លោកឯកអគ្គរដ្ឋទូតថៃ បានស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន សហការជាមួយទូរទស្សប៉ុស្តិ៍លេខ៥ របស់កម្ពុជា រៀបចំផលិតនូវខ្សែភាពយន្តភាគមួយ ដែលទាក់ទងនឹងការរីកចម្រើន និងការអភិវឌ្ឍ ក៏ដូចសន្តិភាព ស្ថិរភាព សុវត្ថិភាព ចំពោះប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដើម្បីចាក់ផ្សាយឲ្យប្រជាជនថៃ និងអ្នកវិនិយោគថៃ បានយល់ដឹង និងឃើញច្បាស់ពីកម្ពុជា សំដៅជំរុញឱ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានគាំទ្រចំពោះសំណើខាងលើ ដោយឡែក ការសម្រេចយ៉ាងណានោះ ខាងភាគីកម្ពុជានឹងរៀបចំពិភាក្សាបន្តទៀត៕