(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខច័ន្ទដេត នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រកាសសាលក្រម ផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគាររយៈពេល ៤៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយសារការប្រព្រឹត្តហិង្សាចំនួន៧ករណី ក្នុងទឹកដីខណ្ឌដង្កោទាំងអស់។
បើតាមមន្ត្រីតុលាការ ជនជាប់ចោទរូបនេះ នៅមាន៨ករណីផ្សេងទៀត ដែលតុលាការ កំពុងដំណើរការនីតិវិធី។ តុលាការបានផ្តន្ទាទោស ជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង អាយុ២៧ឆ្នាំ ចំនួន៧ករណី ដោយក្នុងមួយករណីៗផ្តន្ទាទោស៧ឆ្នាំ សរុបទាំងអស់ គឺ៤៩ឆ្នាំ ។ នាពេលសវនា ការកន្លងទៅ ជនជាប់ចោទរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។
ជនជាប់ចោទ បញ្ជាក់ថា ប្លន់លើកទី១ នៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៥ ប្លន់លើក ទី២ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោកាលពី ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៥ ប្លន់លើកទី៣ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៥ ប្លន់លើកទី៤ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥ ប្លន់លើកទី៥ នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ ប្លន់លើកទី៦ នៅសង្កាត់ដង្កោខណ្ឌដង្កោ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៥ ប្លន់លើកទី៧ នៅសង្កាត់កន្ទួតខណ្ឌដង្កោ កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៥ ៕