(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទទួលជួបគណៈប្រតិភូ មកពីរដ្ឋគុយវ៉ែត ដឹកនាំលោកបណ្ឌិត Hamad Rashid ប្រធានអង្គការសម្ព័ន្ឋពិភាក្សាពិភពលោក និងបណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការមនុស្សធម៌ និងសប្បុរសធម៌ លោកបណ្ឌិត Bassam Ahmad បុព្វជិកប្រចាំការនៅក្រសួងគរុភ័ណ្ឌសាសនារបស់រដ្ឋគុយវ៉ែត។

ជំនួបនេះគណៈប្រតិភូគុយវ៉ែត តាមរយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍន៍កម្ពុជា បានស្នើកិច្ចសហការជ្រោមជ្រែងពី លោកអូស្មាន ហាស្សាន់ ដោយឲ្យដំណើរការគម្រោង បង្កើតសាកលវិទ្យាល័យមួយនៅកម្ពុជា ដែលមានមហាវិទ្យាល័យជំនាញសំខាន់ៗ ជាពិសេសជំនាញបច្ចេកទេស វិស្វកម្ម ឧស្សាហកម្ម និង កសិកម្ម។

ក្រៅពីគម្រោងសាកលវិទ្យាល័យ គណៈប្រតិភូបានលើកឡើងពីគម្រោង បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មមួយ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ ដល់សហគមន៍កម្ពុជា ដែលភាគីគុយវ៉ែតជាអ្នករ៉ាប់រងទាំងស្រុងនូវ ដើមទុនដែលបានមកពីទ្រព្យគរុភ័ណ្ឌសាសនាឥស្លាម របស់ក្រសួងគរុភ័ណ្ឌនៃរដ្ឋគុយវ៉ែត។

លោកបណ្ឌិត Hamad Rashid លើកឡើងថា តាមរយៈអង្គការសម្របសម្រួល និងអភិវឌ្ឍន៍កម្ពុជាជាអង្គការដៃគូរ លោកចង់ឲ្យគម្រោងនេះដំណើរការ តាមរយៈកិច្ចសហការល្អជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាស្ថាប័នកំពូលឥស្លាម ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយគម្រោង នេះក៏តម្រូវឲ្យអនុវត្តតាមគោលការណ៍ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងទទួលស្គាល់តាមរយៈ ក្រសួងការបរទេស និង ស្ថានទូតនៃប្រទេសទាំងពីរផងដែរ។

តាមការបញ្ជាក់របស់លោក បណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការមនុស្សធម៌និងសប្បុរសធម៌ បានលើកឡើងថា សព្វថ្ងៃអង្គការរបស់លោកកំពុង ដំណើរប្រកបដោយជោគជ័យ នូវការសាកលវិទ្យាល័យ និងគម្រោងពាណិជ្ជកម្មទ្រទ្រង់សហគមន៍ នៅប្រទេសតាជីគីស្ថាន នៅភីលីពីន និងកំពុងបន្តគម្រោង នៅប្រទេសថៃ ហើយជំហានបន្តសង្ឃឹមថាក្នុងពេលឆាប់ៗនេះនិងមាននៅកម្ពុជា។

លោកបន្តថា «តាមពិតយើងខ្ញុំយល់ឃើញថា រាល់គម្រោងក្នុងការប្រៀងទុក គឺកម្ពុជាជាប្រទេសដែលផ្តល់សក្តានុពល និងមានលទ្ឋភាព ក្នុងការក្នុងការបង្កើតគម្រោងគ្រប់បែបយ៉ាង ព្រោះលក្ខណ្ឌពិសេសត្រង់ថា កម្ពុជាមានរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅ និងសិទ្ឋសេរីភាពជូន ប្រជាជាតិទាំងមូល និង ធ្វើអោយកម្ពុជាមានការអភិវឌ្ឍន៍ ជឿនលឿន ម្យាងទៀតកម្ពុជា ក៏ជាប្រទេស មួយដែល សម្បូរទៅដោយវត្ថុធាតុដើម និងធនធានធម្មជាតិ គ្រប់បែបយ៉ាង»។

ក្នុងកិច្ចពិភាក្សាខាងលើ ប្រតិភូគុយវ៉ែតក៏បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ២០១៦ ម្សិលមិញនេះ អង្គការរបស់លោករៀបចំ ពិធីទន្ទេញគម្ពីរអាល់គួរអាន សម្រាប់បេក្ខជន បេក្ខនារីជាក្មេងក្រិមអាយុពេញវ័យ សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ហើយជាលទ្ឋផលពិធីនេះ ប្រព្រឹត្តបានជោគជ័យល្អ ដោយបេក្ខជនទាំងពីរភេទ សុទ្ឋតែជាអ្នកមានសមត្ថភាពប្រហា់ប្រហែលគ្នា។

បណ្ឌិត Khalid Al Farij បន្តថា នេះអាចចាត់ទុកជាគម្រោងជោគជ័យមួយ សម្រាប់កិច្ចការប្រឡងថ្នាក់ខេត្ត ហើយអង្គការរបស់លោកស្នើឲ្យមានកិច្ច សហការជាមួយចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដើម្បីបង្កើតកម្មវិធីដដែលនេះ នៅឆ្នាំក្រោយទៀត តែជាលក្ខណៈជាតិទូទាំងប្រទេសផងដែរ។ ក្នុងជំនួបនេះដែរ ភាគីម្ចាស់ជំនួយក៏បានអញ្ជើញលោក អូស្មាន ហាស្សាន់ ឲ្យដឹកនាំគណៈប្រតិភូទៅទស្សនកិច្ច នៅរដ្ឋគុយវ៉ែត ដើម្បីផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងផងដែរ។
 
លោក អូស្មាន ហាស្សាន់ បានយល់ស្របព្រមទាំងឯកភាពពីគម្រោង ដែលមានការលើកឡើងពី សំណាក់ភាគីគុយវ៉ែត ដោយនិងសហការជ្រោមជ្រែងធ្វើយ៉ាងណាឲ្យដំណើរការគម្រោងទាំងពីរខាងលើ ប្រព្រឹត្តទៅបានរលូន។

ទាក់ទិននឹងការបង្កើតសាកលវិទ្យាល័យ លោករដ្ឋមន្រ្តីប្រតិភូ សន្យានឹងរកដីនៅជាយរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ដើម្បីអនុវត្តគម្រោងដូចការលើក ឡើងរបស់ ភាគីម្ចាស់ជំនួយ។ ឆ្លើយតបនឹងការអញ្ជើញរបស់ភាគីគុយវ៉ែត លោក អូស្មាន ហាសស្សាន់ សន្យាថា នឹងរៀបចំស្នើឲ្យមានទស្សនកិច្ចមួយជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ឬអាចនឹងដើមឆ្នាំ២០១៧ តាមលទ្ធភាព និងឱកាសដែលអាចធ្វើទៅបាន៕