(បាងកក)៖ នៅថ្ងៃអង្គារនេះ មនុស្សចំនួន ០២នាក់បានស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់មួយ ដែលបានកើតឡើងក្បែរ សាលាមត្តេយ្យមួយកន្លែង ជាប់នឹងព្រំដែន ថៃ-ម៉ាឡេស៊ី ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ឪពុកនិងកូនស្រីរបស់ខ្លួនអាយុ ០៥ឆ្នាំ បានបាត់បង់ជិវិត រួមនឹងមនុស្ស ០៨នាក់ទៀតបានរងរបួស នៅពេលម៉ូតូមួយគ្រឿង ដែលចតនៅមុខខ្លោងទ្វារចូលសាលារៀនបានផ្ទុះឡើង អំឡុងពេលដែល ឪពុកម្តាយនានា កំពុងជូនកូនៗទៅសាលារៀន។ អ្នកនាំពាក្យមេបញ្ជាប៉ូលីសថៃលោក Yuthanam Petchmuang បានប្រាប់សារព័ត៌មាន Reuters ថា «យើងសង្ស័យថាការបំផ្ទុះគ្រាប់បែកនេះ គឺជាទង្វើ របស់ក្រុមដែលមានបំណងចង់ មានភាពចលាចលក្នុងប្រទេស»។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍បំផ្ទុះគ្រាប់បែកលើកនេះ បានកើតមានឡើងមិនដល់មួយខែផង បន្ទាប់ពីការបំផ្ទុះគ្រាប់ជាច្រើនលើក នៅតាមតំបន់ទេសចរណ៍ មួយចំនួនដូចជា Hua Hin, Phuket, និង Surat Thani ដែលបានសម្លាប់មនុស្សចំនួន ០៤នាក់ និងរងរបួសជាង ១០នាក់ផ្សេងទៀត៕