(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និងអ្នកឧកញ៉ា លីហៀក រតនា, អ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី បានប្រគល់រថយន្ដគិលានសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនមណ្ឌលសុខភាពព្រៃនប់ និងអង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ)។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារលំដាប់ផ្កាយប្រាំ សណ្ឋាគារ សាន់ & មូន រីវើសាយ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «រថយន្តគិលានសង្គ្រោះចំនួន ២គ្រឿង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនមណ្ឌលសុខភាពព្រៃនប់ និងអង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) នៅថ្ងៃនេះ គឺជារថយន្តគិលានសង្គ្រោះ ទី៦០ និងទី៦១»

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានសង្ឃឹមយ៉ាងមុតមាំថា រថយន្ដគិលានសង្គ្រោះនេះ នឹងជួយពន្លឿនការងារមួយផ្នែកទៀត ដល់មណ្ឌលសុខភាពព្រៃនប់ និងអង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) ក្នុងការសង្គ្រោះប្រជាពលរដ្ឋយើង នៅក្នុងឧប្បវហេតុផ្សេងៗ។ ​

សូមជម្រាបថា កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និងអ្នកឧកញ៉ា លីហៀក រតនា, អ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី បានប្រគល់រថយន្ដគិលានសង្គ្រោះបន្ទាន់ទី៥៩ ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជំនាញការពារព្រំដែន ខេត្តកំពង់ឆ្នាំង តាមរយៈនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជា «មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា» ដែលបានកៀរគរថវិកា ពីសប្បុរជនជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ទាំងថវិកា និងសម្ភារៈបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ឱ្យមានលទ្ធភាពរៀនសូត្រ និងប្រកបរបរចិញ្ចឹមជីវិត ជាពិសេសសព្វថ្ងៃនេះ ក្នុងនាមអ្នកឧកញ៉ាជាពាណិជ្ជករដ៏ល្បីមួយរូបនៅកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុន SUN & MOON Hotel Co. LTD គឺបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ផងដែរ៕