(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ប្រទេសចិន ជាប្រទេសដែលជាប់ ចំណាត់ថ្នាក់លេខ១ ខាងវិនិយោគទុនផ្នែកសំណង់នៅកម្ពុជា ក្នុងចំណោមប្រទេសទាំង១៨ ដែលបានមកវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍនេះ។

តាមរបាយការណ៍របស់ អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ ខែសីហា ឆ្នាំ២០១៦ ការបោះទុនវិនិយោគ របស់វិស័យឯកជនបរទេស មាន ២៨៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១២,៤៩៦,៦១៥ ម៉ែត្រការេ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគសរុប ៤,២៨០លានដុល្លារ ក្នុងនោះប្រទេសចិន មានចំណាត់ថ្នាក់ទី១ ប្រទេសកូរ៉េមានចំណាត់ថ្នាក់ទី២ និងប្រទេសជប៉ុន មានចំណាត់ថ្នាក់ទី៣ ក្នុងចំណោមអ្នកវិនិយោគនទុន មកពីប្រទេសចំនួន១៨។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានសំណង់ បានឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ២០០០ ដល់ខែសីហា ឆ្នាំ២០១៦ ក្រសួងបានចុះបញ្ជីសហគ្រាស ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោង ប្លង់ និងសាងសង់បានសរុប១៨៦២ក្រុមហ៊ុន ប៉ុន្ដែមានសុពលភាពត្រឹមតែ ៨៧១ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនក្នុងស្រុកមាន ៥៨៨ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសមកពី ២៩ប្រទេស មានចំនួន២៨៣ក្រុមហ៊ុន ហើយរូបវន្ដបុគ្គលសិក្សា គម្រោងប្លង់ មាន១២២រូប ក្នុងនោះស្ថាបត្យករ៨៤រូប បរទេស១រូប និងវិស្វករ៣៨រូប ផងដែរ៕