(សៀមរាប)៖ ប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតនៅក្នុងភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប ចំនួន ៣.៤២៦ក្បាលដី ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ព្រមទាំងលោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ប៊ូ ជុំសម្បត្តិ បានលើកឡើងថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនប្រជាពលរដ្ឋ គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុតក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោកបានបន្តថា ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងសង្កាត់ក្របីរៀលនាពេលនេះ មានចំនួន៤ភូមិ មានដូចជា៖ ភូមិរកា មានក្បាលដីសរុប ១.០៧៥ ដែលក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន, ភូមិគោកដូង មានក្បាលដីសរុប ១.១៣៧ ដែលក្នុងនោះក្បាលដីចំនួន ៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន, ភូមិប្រម៉ា មានក្បាលដីសរុប ១.២៤៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និង ភូមិខ្នារមានក្បាលដីសរុប ១.១១២ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូនបានផងដែរ។

លោក ប៊ូ ជុំសម្បត្តិ បានបន្តថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណជូនម្ចាស់ដីជាបន្តទៀត។

លោក សំកុល សុចិត្រា បានលើកឡើងថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិ ជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។ ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ចំពោះប័ណ្ណកម្មសិទ្ធិនេះ បានផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ជាក់ស្តែង មិនមានការភ័យខ្លាច។

លោក ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។

លោក សំកុល សុចិត្រា ក៏បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋាន ដែលជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នាផងដែរ។

ទន្ទឹមនឹងនោះដែរ លោក អាង រ៉ាស៊ី ប្រធានការិយាល័យសេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្ត ក៏បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលប័ណ្ណកម្មសិទ្ធដីទាំងអស់នាពេលនោះដោយបានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺ ទី១៖ពន្ធលើអចលនព្យ, ទី២៖ ពន្ធលើដីមិនបានប្រើប្រាស់, ទី៣៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ។ ចំណូលពន្ធ គឺជាចំណូលថវិការដ្ឋដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេស។ លោកក៏បានថ្លែងអំណរគុណនៅការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវអោយប្រជាពលរដ្ឋទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ។

លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីទំនេរមិនប្រើប្រាស់ សូមរួសរាន់ទៅបង់ពន្ធនៅការិល័យនៃការបង់ពន្ធនៃសាខាពន្ធដារខេត្តសៀមរាប ប្រចាំឆ្នាំ២០២៤នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះផងដែរ៕