(ស្វាយរៀង)៖ ថ្លែងនាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ត្រូវបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

កិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការចូលរួមពីលោក សឹម សុខព្រី អនុរដ្ឋលេខាធិការ ,លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត,លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនិង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ៨៧រូប ស្រី ២៣រូប។

នៅក្នុងឱកាសនោះលោក សឹម សុខព្រី បានអាននូវលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើសពីនេះលោក គុយ ឆាយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីលោករដ្ឋមន្ត្រីនូវក្តីនឹករលឹក និងការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ជូនដល់ លោក លោកស្រីដែលមានវត្តមានក្នុងអង្គប្រជុំផងដែរ។

នៅក្នុងឱកាសនេះដែរលោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរួមមានដូចតទៅ៖

ទី១៖ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌផ្លូវទាំង៤ប្រភេទ
ទី២ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីផ្លូវ ដែលត្រូវជួសជុលបន្ទាន់ថែទាំខួប និងថែទាំប្រចាំផ្ញើជូនក្រសួង
ទី៣៖ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង
ទី៤៖ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% នៅឆ្នាំ២០៣០
ទី៥ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវជ្រាវទិន្នន័យភូមិ ដែលជាភូមិអាទិភាពក្នុងខេត្ត៕