(រតនគិរី)៖ ដោយមើលឃើញពីបរិបថនៃសង្គមបច្ចុប្បន្ន ដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺផ្សេងៗ ដូចជា ទឹកនោមផ្អែម, ទឹកនោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញសុខភាពសាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថយការទទួលទានអាហារ ដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ដោយមិនត្រូវជក់បារីឡើយ ដើម្បីទទួលបានសុខភាពល្អ។

ការលើកឡើងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋានឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា «តិចអំបិល តិចខ្លាញ់ តិចប្រៃ ដែលអត្ថន័យនេះគឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារ ដូចជា ស្ករ អំបិល និងខ្លាញ់ពីច្រើនមកតិច ហើយហាមជក់បារីជាដើម»

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រធានមណ្ឌលទាំង៣០ ដែលកំពុងប្រតិបត្តិផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តរតនគិរី ដើម្បីគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។

លោកស្រី ឱ វណ្ណឌីន បានដាស់តឿនទៅដល់ប្រធានមណ្ឌលទាំង៣០ បន្តយកចិត្តទុកដាក់បន្ថែមទៅលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ការរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៅក្នុងមណ្ឌល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ តាមរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានស្អាតផងដែរ៕