(ភ្នំពេញ)៖ កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានរំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប ប្រសិនបើពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។ គ្រានោះមានគ្រាប់រ៉ុក្កែត មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេចដែលកំពុងធ្វើដំណើរលើដងផ្លូវ ទៅកាន់ខេត្តសៀមរាប តែគ្រាប់បែកមិនត្រូវរថយន្តរបស់សម្តេចទេ។

ការរំលឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានថ្លែងសន្ទរកថា បន្ទាប់ពីសម្តេចទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥។

 សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា ក្រោយដំណាក់កាលនៃការបោះឆ្នោតបើទោះបីជាការបោះឆ្នោតនៅពេលនោះត្រូវបានប្រសិដ្ឋនាមថា «ជាអច្ឆរិយ តាមដងទន្លេមេគង្គ» ក៏ប៉ុន្តែ ការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួនបង្កើតឡើងឱ្យមានវិបត្តិធ្ងន់ធ្ងរក្រោយការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ប្រហែលជាអ្នកទាំងអស់មួួយចំនួន នៅចងចាំថាការប៉ុនប៉ងធ្វើឃាតមកលើខ្ញុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប ក្នុងពេលនោះការប្រជុំនៅទីក្រុងភ្នំពេញ មិនអាចធ្វើទៅបាន ពិតមែនថាមានការព្រមព្រៀងថាការប្រជុំសភាលើកដំបូងត្រូវធ្វើនៅក្នុងព្រះបរមរាជវាំង ដោយខ្ញុំត្រូវបញ្ចូនឧទ្ធម្ភាគចក្រ ពីរគ្រឿងថ្វាយព្រះករុណាយាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញ...! ប៉ុន្តែ ក្រោយមកព្រះករុណាបានសព្វព្រះហឫទ័យ កោះប្រជុំសភានៅឯខេត្តសៀមរាប ការប៉ុនប៉ងធ្វើឃាតដែលខ្ញុំចាត់ទុកថាជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិមួយដែល ឬភ័ព្វសំណាងផ្ទាល់របស់ខ្ញុំ រឿងនេះមិនតូចទេ ប្រសិនបើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាប​តែម្តង»

ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីជាផែនការធ្វើឃាតសម្តេចនៅខេត្តសៀមរាប មិនបានសម្រេចក៏មានមេទ័ពរបស់សម្តេចមួយចំនួនទាមទារវាយប្រហារលើខេត្តសៀមរាបតែម្តង។ មានរ៉ុកែត ចំនួន៤គ្រាប់ បានផ្ទុះមួយគ្រាប់ដែលនេះជាព្រឹត្តិការណ៍អាណោចអាធ័ម ក៏ប៉ុន្តែ បើទោះបីជាមានករណីធ្វើឃាតសម្តេចក៏ដោយ តែមិនពេលនោះកម្ពុជា នៅតែបើកកិច្ចប្រជុំសភាបាន និងបន្តទៅស្បថសច្ចានៅមុខប្រាសាទអង្គរវត្ត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាប់ពីប្រជុំរដ្ឋសភារួចហើយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ត្រូវបានបង្កើតនោះទេ ព្រោះនៅពេលនោះសមាជិករដ្ឋសភាដែលបានស្បថរួចហើយ គឺមានអភ័ឯកសិទ្ធិបន្ទាប់ពីការបោកគ្រាប់បែកក្នុងផ្ទះសម្តេចនៅទីក្រុងភ្នំពេញ ដោយក្រុមធ្វើបាតុកម្មមួយចំនួនតូចដែលបានបោះជំរុំនៅមុខរដ្ឋសភា ខណៈពេលនោះសម្តេចបានចេញបទបញ្ជាហាមឃាត់មនុស្សទាំងអស់មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ និងចេញទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា គ្រានោះលោក តុល លាស់ ក្នុងពេលចរចានៅទីក្រុងសៀមរាប បាននិយាយជាមួយសម្តេចថា «សម្តេច ការហាមឃាត់តំណាងរាស្ត្រមិនឱ្យចាកចេញពីប្រទេសវាខុសជាមួយអភ័យឯកសិទ្ធិ ខ្ញុំបានចង្អុលប្រាប់ទៅឯកឧត្តម តុល លាស់ ថាពួកឯកឧត្តម ទៅជាតំណាងរាស្ត្រហើយ ឬនៅ? បើសភាមិនទាន់បានប្រជុំ មិនទាន់បានស្បថ ឯកឧត្តមមិនទាន់មានអភ័យឯកសិទ្ធិទេ»

សម្តេចបានលើកឡើងថា ប៉ុន្តែ ក្រោយការប្រជុំរួចហើយ គឺតំណាងរាស្ត្រនានា បានចាកចេញពីប្រទេស ដូច្នេះភាពជាប់គាំងខាងនយោបាយនៅកម្ពុជា ត្រូវបានបន្តនៅក្នុងពេលជាប់គាំងនយោបាយ តែពេលនោះគំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយគ្រានោះសម្តេចវិបុលបញ្ញា សុខ អាន ក៏បានលើកគំនិតនេះមកជជែកជាមួយសម្តេច រហូតឈានទៅការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន ហើយការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ៕