(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៩៧នាក់។

ការធ្វើបឋកថានេះ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ហើយក្នុងសប្តាហ៍នេះការសិក្សាផ្តោតលើការគ្រប់គ្រងការអនុវត្តន៍ការងាររបស់បុគ្គលិក និងក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA របស់មន្ទីរពេទ្យបង្អែកឧត្តុង។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានពន្យល់ពីពាក្យគន្លឹះក្នុងការអនុវត្តន៍ការងាររបស់បុគ្គលិក ដែលរួមមាន សមត្ថភាពអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ ចិរភាពនៃសមត្ថភាពអនុវត្តការងារ និង ឥរិយាបទរបស់បុគ្គលិកម្នាក់ៗ។ សម្រាប់នៅវគ្គនេះក៏មានបញ្ចូលបទបង្ហាញស្តីពីការប្រែប្រួលជាវិជ្ជមាននៃការធ្វើអនាម័យដៃ នៅសេវាសម្រាលដោយប្រើប្រាស់ PDIA នៃមន្ទីរពេទ្យបង្អែកឧត្តុង ខេត្តកំពង់ស្ពឺផងដែរ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕