(ភ្នំពេញ)៖ រយៈពេល៣ខែដើមឆ្នាំ២០២៤ បរធនបាលកិច្ចចំនួន៧៨ករណី បានចុះបញ្ជីជាមួយទំហំបរធន១១០.៩លានដុល្លារ នេះបើតាមរបាយការណ៍សង្ខេបសមិទ្ធផលរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលចេញផ្សាយនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍សង្ខេបសមិទ្ធផលក្នុងវិស័យបរធនបាលកិច្ច សម្រាប់រយៈពេល៣ខែដើមឆ្នាំ២០២៤ បានបញ្ជាក់ថា បរធនបាលកិច្ចចំនួន៧៨ករណី បានចុះបញ្ជីជាមួយទំហំបរធន១១០.៩លានដុល្លារអាម៉េរិក ក្នុងនោះមានបរធនបាលកិច្ចពាណិជ្ជកម្មចំនួន៩៩.២២លានដុល្លារអាម៉េរិក ដែលពាក់ព័ន្ធនឹងបរធនបាលកិច្ច សេវារក្សារសុវត្ថិភាព ឬសេវារក្សាទុកចំនួន៦២.៧០លានដុល្លារអាម៉េរិក, បរធនបាលកិច្ចអចលនទ្រព្យចំនួន៣៦.៤៧លានដុល្លារអាម៉េរិក និងបរធនបាលកិច្ចប្រាក់បញ្ញើមានកាលកំណត់ចំនួន០.០៥លានដុល្លារអាម៉េរិក។

របាយការណ៍បានបន្តថា «មូលនិធិអភិវឌ្ឍន៍ជំនាញ» ក៏ត្រូវបានចុះបញ្ជីជាបរធនបាលកិច្ចសាធារណៈផងដែរ។

របាយការណ៍ដដែលបានបន្តតៀតថា ធនាគារពាណិជ្ជចំនួន៣ ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក។ ក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១១ ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច និងសវនករជារូបវន្តបុគ្គលចំនួន២៥រូប ទទួលបានការទទួលស្គាល់ជាសវនករជារូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច។ ក្រុមហ៊ុនវាយតម្លៃចំនួន១ ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃចំនួន២រូប ទទួលបានការទទួលស្គាល់ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច៕