(ស្ទឹងត្រែង)៖ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយលោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយវិស័យឯកជន និងសហគមន៍ថៃនៅកម្ពុជា នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសប្បុរសធម៌ CSR នៅសាលាបឋមសិក្សាទួលត្នោតថ្មី និងមជ្ឍមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

កម្មវិធីនេះ ដោយមានគោលបំណង គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្នាក់ក្រោមជាតិរបស់កម្ពុជា ដែលជាប្រទេសជិតខាងភូមិផងរបង ជាមួយរបស់ថៃ ដើម្បីឲ្យប្រជាជន នៃប្រទេសទាំងពីរ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមព្រមៗគ្នា។

ស្ថានឯកអគ្គរាជទូតថៃ បានដឹកនាំក្រុមហ៊ុនឯកជនថៃ ដែលកំពុងបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាង១៥ក្រុមហ៊ុន ព្រមទាំងការិយាល័យផ្សេងៗរបស់ស្ថានទូតថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រ ដល់សាលាបឋមសិក្សាទួលត្នោតថ្មី រួមទាំងមជ្ឍមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី។

ដោយនេះ ជាកម្មវិធីដែលស្ថានទូតថៃ បានរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាគ ជារបស់របរប្រើប្រាស់ចាំបាច់ នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងខេត្ត និងថ្នាក់ក្រោមរបស់កម្ពុជា ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ប្រគល់ជូនដល់សាលាបឋមសិក្សា និងមជ្ឍមណ្ឌលខាងលើ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ជូនដល់បុគ្គលិកសិក្សា។

លោក ឈើតគៀត អត្ថាករ បានបញ្ជាក់បន្ថែមអំពីការបេ្តជ្ញាចិត្ត នៅក្នុងការចាត់រៀបចំកម្មវិធីសប្បុរសធម៌ខាងលើថា គណៈប្រតិភូថៃ សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីសប្បុរសធម៌នេះ និងជួយបន្តនូវទំនាក់ទំនងល្អ រវាងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទៅព្រមៗគ្នា។

ទន្ទឹមគ្នានេះ លោក ឈើតគៀត អត្ថាករ សង្ឃឹមយ៉ាងខ្លាំងថា កម្មវិធីនេះ នឹងជាចំណែកមួយ នៅក្នុងការជួយគាំទ្រដល់សកម្មភាព ការសិក្សាអប់រំរបស់ខេត្តស្ទឹងត្រែង អាចអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ដែលជាអនាគតដ៏សំខាន់របស់ខេត្តស្ទឹងត្រែងបន្តទៀត។

ជាមួយគ្នានេះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានឆ្លៀតឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីសក្តានុភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងថៃ និងកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត។

ក្នុងឱកាសនោះ លោកក៏បានដឹកនាំវិស័យឯកជនថៃ រួមគ្នាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើដំណើរទស្សនកិច្ច ទំនប់វារីអគ្គិសនី សេសានក្រោម ២ និងបានធ្វើដំណើរទេសចរណ៍ ទៅកាន់សហគមន៍អេកូទេសចរណ៍កោះហានផងដែរ៕