(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានណែនាំមន្ត្រីនគរបាលក្របខ័ណ្ឌថ្មីចំនួន១៩០នាក់ ពេលវិលទៅបំពេញការងារនៅមូលដ្ឋានវិញ ត្រូវធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ មិនត្រូវធ្វើឱ្យខ្លាចញរញើតទេ ព្រោះយើងជាអ្នកបម្រើប្រជាពលរដ្ឋ ហើយក៏ដាច់ខាត់មិនត្រូវពាក់ព័ន្ធគ្រឿងញៀននោះឡើយ។

ថ្លែងក្នុងឱកាសធ្វើបឋកថាក្នុងពីធីអប់រំសម្រាប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង នៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា បានថ្លែងថា មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជាមនុស្សថ្មី មានសមត្ថភាពថ្មី ស្អាតស្អំ ហើយខិតខំបំពេញកាតព្វកិច្ចតាមផែនការថ្នាក់ដឹកនាំប្រគល់ជូន ធ្វើជាគំរូល្អក្នុងជួរមន្ត្រីរាជការ និងនៅឱ្យឆ្ងាយពីគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងសន្និបាតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨-២៩ ខែមីនា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ គឺកងកម្លាំងទាំង៣ប្រភេទរួមទាំងមន្ត្រីរាជការផងដែរ  ប្រសិនជាការធ្វើតេស្តទៅរកឃើញពាក់ព័ន្ធនឹងផ្ទុកសារជាតិញៀន គឺត្រូវបានដេញពីក្របខ័ណ្ឌដោយស្វ័យប្រវត្ត ហើយបើធ្ងន់ធ្ងជាងនេះត្រូវប្រឈមនឹងច្បាប់។

លោកថា «អញ្ចឹងកុំពាក់ព័ន្ធនិងគ្រឿងញៀន កុំពាក់ព័ន្ធនឹងពួកឧក្រិដ្ឋជនគ្រឿងញៀន កុំពាក់ព័ន្ធនឹងការប្រើប្រាស់ កុំពាក់ព័ន្ធនឹងការជួញដូរ កុំពាក់ព័ន្ធនឹងការចែកចាយ និងការឃុបឃិតគ្នា អាហ្នឹងកុំពាក់ព័ន្ធ  ហើយកុំអន្តរាគមន៍នេះគឺសំដៅទៅលើកុំរារាំង និងការអនុវត្តច្បាប់ ទោះបីជាអ្នកប្រើប្រាស់ អ្នកពាក់ព័ន្ធនោះជាសាច់ញាតិរបស់យើងក៏ដោយ»

លោក លី រតនា មន្ត្រីនគរបាលក្នុងក្របខ័ណ្ឌថ្មី មកពីខេត្តរតនគីរី បានចាត់ទុកថា «នេះជាត្រីវិស័យមួយបានជួយបង្ហាញផ្លូវឆ្ពោះទៅរកកត្តាជោគជ័យ ក្នុងការបំពេញការងារក្នុងអង្គភាពឱ្យមានប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋឱ្យបានទៅតាមសំណូមពរ»

តំណាងឱ្យសិស្សនគរបាលក្នុងវគ្គជំនាន់ទី១៨ លើកទី១ទាំងអស់ លោក លី រតនា បានថ្លែងទៀតថា លោកនឹងយកចំណេះដឹងបានពីសាលាបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលទៅអនុវត្តឱ្យបានឆ្លើយតបតាម គោលនយោបាយយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សូមបញ្ជាក់ថា សិស្សនគរបាលថ្មីជំនាន់ទី១៨ លើកទី១ មានចំនួនសរុម១៩០នាក់  ក្នុងនោះមកពីខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង កំពុងចុះធ្វើកម្មសិក្សាផ្ទាល់ និងត្រៀមពេញទៅបម្រើការងារនៅមូលដ្ឋានដើមវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕