(ពោធិ៍សាត់)៖ លោក រុន សារី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តទៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពី ថ្ងៃទី០៣ ដល់ ០៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធមេត្រីភាព ក្នុងវិស័យសមាគមអតីតយុទ្ធជន។

ដំណើរទស្សនកិច្ច របស់ប្រតិភូខេត្តពោធិ៍សាត់ គឺធ្វើឡើងតបតាមការអញ្ជើញ របស់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តទៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការឯកភាព ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងបានការអនុញ្ញាត ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល៥ថ្ងៃនេះដែរ ភាគីវៀតណាម នឹងអញ្ជើញគណៈប្រតិភូខេត្តពោធិ៍សាត់ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្រ ភូមិបុរាណ តំបន់ទេសចរណ៍ កសិដ្ឋានកសិកម្ម ផ្សារ និងថ្នាក់ដឹកនាំមួយចំនួន រួមមាន៖

*ទី១៖ គណៈប្រតិភូ ទស្សនកិច្ច ភូមិបុរាណ ដុងហ្វាហ៊ីប កាយប៊ែ។
*ទី២៖ គណៈប្រតិភូ គោរពញ្ញាណក្ខន្ធ នៅឈាបនដ្ឋានខេត្ត។
*ទី៣៖ គណៈប្រតិភូ ជួបពិភាក្សារការងារ ជាមួយសមាគមអតីតយុទ្ធជនខេត្តទៀនយ៉ាង នៅមជ្ឈមណ្ឌលរៀបចំសន្និសីទខេត្ត។
*ទី៤៖ គណៈប្រតិភូ ទៅគោរពញ្ញាណក្ខន្ធ នៅវិមានតម្កល់សពគ្រឿងទិញ និងសមុទ្រតឹនថាន់។
*ទី៥៖ គណៈប្រតិភូ ទស្សនកិច្ច នៅវត្តទ្រុកឡាំចាន់យ៉ាក។
*ទី៦៖ គណៈប្រតិភូ ទស្សនកិច្ច នៅតំបន់ទេសចរណ៍អេកូឡូស៊ី ទ្រុងកៀន។
*ទី៧៖ គណៈប្រតិភូ ទស្សនាផ្សារក្រុងម៉ីថ័រ។
*ទី៨៖ គណៈប្រតិភូ ទស្សនកិច្ច នៅតំបន់ប្រវត្តិសាស្ត្រជ័យជម្នះអាប់បាក់។
*ទី៩៖ គណៈប្រតិភូ ទស្សនកិច្ច នៅកសិដ្ឋានចិញ្ចឹមពស់ ដុងតាំ។
*ទី១០៖ គណៈប្រតិភូ ជួបបដិសណ្ឋារកិច្ច ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត នៅមជ្ឈមណ្ឌលរៀបចំសន្និសីទខេត្ត៕