(ភ្នំពេញ)៖ វេជ្ជបណ្ឌិត ថន មុន្នីរៈ អនុប្រធានមណ្ឌលសុខភាពព្រៃនប់ ខេត្ដព្រះសីហនុ បានបង្ហាញសេចក្ដីរំភើបរីករាយយ៉ាងខ្លាំងស្ទើរស្រក់ទឹកភ្នែក ពេលដែលទទួលបានរថយន្ដគិលានសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និងអ្នកឧកញ៉ា លីហៀក រតនា, អ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី។

អនុប្រធានមណ្ឌលសុខភាពព្រៃនប់ បានថ្លែងថា «កន្លងមកខ្ញុំភ័យណាស់ ពេលដែលអ្នកជំងឺមកព្យាបាល មានអាការៈធ្ងន់ធ្ងរ ប្រឈមនឹងហានិភ័យខ្ពស់ ដែលតម្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកម្ដងៗ ដោយខាងមណ្ឌលខ្ញុំមិនមានរថយន្ដគិលានសង្គ្រោះផ្ទាល់នោះទេ បើត្រូវការគឺត្រូវទាក់ទងទៅមន្ទីរពេទ្យដែលមានរថយន្ដគិលានសង្គ្រោះ ។ដូច្នេះពេលវេលានៃការរងចាំ បានធ្វើឱ្យខ្ញុំ និងគ្រួសារអ្នកជំងឺ បុកពោះ ភ័យបារម្ដពីការសង្គ្រោះខ្លាំងណាស់ ក្រែងមកមិនទាន់ មិនអាចសង្គ្រោះអ្នកជំងឺបាន»

វេជ្ជបណ្ឌិតបានបន្ដថា ពេលនេះមណ្ឌលព្រៃនប់ មានរថយន្ដគិលានសង្គ្រោះបន្ទាន់ដោយខ្លួនឯងហើយ ក្រុមការងារនឹងលែងបារម្ដដូចមុនទៀត អ្វីដែលត្រូវធ្វើគឺប្រឹងប្រែងបំពេញការងារឱ្យបានល្អ ថែរក្សាទ្រព្យសម្បត្ដិដ៏មានគុណប្រយោជន៍ដែលទើបនឹងទទួលបាននេះឱ្យបានល្អ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយភាពកក់ក្ដៅជូនអ្នកជំងឺ ដែលអនុវត្ដតាមប្រសាសន៍ណែនាំរបស់ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

«តំណាងឱ្យក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺដែលជាប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមណ្ឌលសុខភាពព្រៃនប់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់លោកឪពុក សម្ដេចតេជោ និងអ្នកម្តាយមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្ដទុកដាក់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ទន្ទឹមនឹងនោះ ក៏សូមថ្លែងអំណរគុណដល់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា, អ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ដែលមានទឹកចិត្ដសប្បុរស ប្រកបដោយព្រហ្មវិហារធម៌ តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត ជាក់ស្ដែងដូចថ្ងៃនេះ បានប្រគល់នូវរថយន្ដគិលានសង្គ្រោះបន្ទាន់ ប្រៀបដូចនឹងការជួយជីវិតអ្នកជំងឺ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកភូមិនៃតំបន់ព្រៃនប់ដូច្នេះដែរ លោកពិតជាអ្នកឧកញ៉ាគំរូ»។ការបញ្ជាក់បន្ថែមរបស់អនុប្រធានមណ្ឌលសុខភាពព្រៃនប់។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជា «មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា» ដែលបានកៀរគរថវិកា ពីសប្បុរជនជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ទាំងថវិកា និងសម្ភារៈបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ឱ្យមានលទ្ធភាពរៀនសូត្រ និងប្រកបរបរចិញ្ចឹមជីវិត ជាពិសេសសព្វថ្ងៃនេះ ក្នុងនាមអ្នកឧកញ៉ាជាពាណិជ្ជករដ៏ល្បីមួយរូបនៅកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុន SUN & MOON Hotel Co. LTD គឺបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ផងដែរ។

សូមជម្រាបថា រថយន្តគិលានសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដែលបានប្រគល់ជូនមណ្ឌលសុខភាពព្រៃនប់ គឺជារថយន្ដគិលានសង្គ្រោះទី ៦១ ដែលបានធ្វើឡើងក្រោមវត្ដមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា, អ្នកឧកញ៉ា សុខ វណ្ណា និងលោក លឹម វាសនា ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារលំដាប់ផ្កាយប្រាំ សណ្ឋាគារ សាន់ & មូន រីវើសាយ ហើយក្នុងថ្ងៃតែមួយនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានធ្វើពិធីប្រគល់រថយន្ដគិលានសង្គ្រោះបន្ទាន់ទី៦០ ជូនអង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) ផងដែរ ដែលក្នុងរថយន្តគិលានសង្គ្រោះបន្ទាន់នីមួយៗ មានបំពាក់ទៅដោយសម្ភារៈបរិក្ខារពេទ្យសង្គ្រោះមួយកំប្លេ សម្រាប់ចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់ដល់អ្នកជំងឺដែលរងគ្រោះដោយ ឧប្បវហេតុផ្សេងៗ៕