(បន្ទាយមានជ័យ)៖ ​លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ នៅ​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព​ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដល់មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងសាលាខេត្តបន្ទាយមានជ័យ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពី លោកស្រី ចាន់ ថេង អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុន សហគ្រាសជាច្រើននាក់។

លោកស្រី ចាន់ ថេង បានលើកឡើងថា ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយ វិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរដ្ឋបាលខេត្តនាថ្ងៃនេះ ក្នុងគោលគោលបំណងជំរុញ និងលើកទឹកចិត្តដល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ក្នុងការបំពេញបេសកកម្មការងារ តាមតួនាទី មុខងារ ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោក ពេជ សោភ័នបានឱ្យដឹង​ថា​​​ រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយស្តីពីមុខរបរ និងការងារ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការអនុវត្ត ខិតខំជំរុញស្វែងរកការងារឱ្យប្រជាពលរដ្ឋ កម្មករមានការងារធ្វើ មានទ្រព្យសម្បត្តិ និងខិតខំសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ក្នុងការពិភាក្សាតំឡើងប្រាក់ឈ្នួរអប្បរមា មានកម្រិតខ្ពស់ជូនកម្មករ និយោជក។

លោកបន្តថា​ ទោះបីជាក្នុងដំណាក់កាលដ៏​លំបាក ដែលយើងប្រឈមទៅនឹងហានិភ័យយ៉ាងណាក្តី ក៏ជំហាននៃការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា កាន់តែមានកម្រិតឈា​នឡើងជាលំដាប់ ឥតឈប់ឈរ ស្របតាមចក្ខុវិស័យ ក្នុងបរិបទគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងបានធ្វើឱ្យខ្សែសង្វាក់ផលិតកម្ម សហគ្រាស កាន់តែមានផលិតភាព ក្នុងសមត្ថភាពទទួលខុសត្រូវច្បាស់លាស់​លើការងារបង្កើតមុខរបរ និងឱកាសការងារ ផ្នែកបច្ចេកទេស ទៅជាសេវាឆ្លើយតប បំពេញតាមគោលបំណង សេវាតម្រូវការបានទាន់ពេលវេលា យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គួរជាទីមោទនៈ។

ដើម្បីមានវិធានការទប់ស្កាត់ និងមាននីតិវិធី សម្រាប់ដោះស្រាយសមស្របតាមនីតិបញ្ញត្តិ​​ បទដ្ឋានគតិយុត្តនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធររដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្ត និងយកចិត្តទុកដាក់ការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ៕