Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូងបង្កើនថវិកាជាតិ លើវិស័យការពារប្រទេស ថែមទៀតហើយ សម្រាប់ឆ្នាំ២០១៧ ក្រោយមើលឃើញឥទ្ធិពល កូរ៉េខាងជើងកាន់តែខ្លាំងក្លា

06-09-2016 11:22

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា ខ្លួនបានបង្កើនថវិកាការពារជាតិ ៤ភាគរយ បន្ថែមទៀតសម្រាប់ឆ្នាំ២០១៧ ខណៈដែលប្រទេសកូរ៉េខាងត្បូង កំពុងបង្កើនសមត្ថភាពលើ ប្រព័ន្ធការពារ គ្រាប់មីស៊ីល ដើម្បីការពារប្រទេសទប់ទល់នឹង ការគម្រាមកំហែងពី ប្រទេសកូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយដោយសារ ព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងខាងលើបានថ្លែងឲ្យដឹងទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ប្រាក់សរុបប្រមាណ ៤០,៣ ពាន់ពាន់លានវុន (៣៦,៥ពាន់លានដុល្លារអាមេរិក) ដើម្បីធ្វើការពង្រឹងសមត្ថភាព ក្នុងវិស័យការពារប្រទេស នៅឆ្នាំ២០១៧ខាងមុខ។ «ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើងដែលសំបូរទៅ ដោយអាវុធប្រល័យលោក កូរ៉េខាងត្បូងចាំបាច់ ត្រូវកសាងប្រព័ន្ធការពារ មីស៊ីលតាមអាកាស (KAMD) និងប្រព័ន្ធ «Kill Chain» ដើម្បីតាមដានចាប់ និងទប់ស្កាត់មីស៊ីល ដែលបានបាញ់ពី ប្រទេសកូរ៉េខាងជើង ឲ្យបានភ្លាមៗ»។ នេះបើតាមការលើកឡើង របស់មន្រ្តីការពារជាតិរបស់ ប្រទេសកូរ៉េខាងត្បូង។

ម៉្យាងវិញទៀត ថវិកាចំនួន១២,១៥៩ពាន់ពាន់លានវុន (១១ពាន់លានដុល្លារ) នឹងត្រូវចំណាយលើ យន្តហោះចម្បាំង និងមីស៊ីលការពារអាកាស និងថវិកាដែលនៅសេសសល់ប្រមាណ ២៨,១៧៦ពាន់ពាន់ លានវុន (២៥ពាន់លានដុល្លារ) ទៀតនឹងត្រូវប្រើសម្រាប់ការចំណាយ បន្ថែមលើប្រតិបត្តិការ កងទ័ពនិងសព្វាវុធ។ នេះជាការចំណាយបន្ថែមពីអ្វី ដែលខ្លួនធ្លាប់បន្ថែមរួច ទៅហើយកាលពីលើកមុន ដោយមិនរាប់បញ្ចូលប្រព័ន្ធ THAAD នោះឡើយ៕