(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន និងកិច្ចការសង្គម បានចេញមុខការពារអាជ្ញាធរករណីបិទផ្លូវជាតិលេខ២ មិនឱ្យគណបក្សសង្រ្គោះជាតិ ហែក្បួនកាលពីម្សិលមិញ។ អ្នកនយោបាយវ័យក្មេងនេះ បានវិភាគថា បើសិនជាមានករណីគ្រោះថ្នាក់ ដូចជាផ្ទុះគ្រាប់បែកកើតឡើង សម្លាប់មនុស្សទៀតនោះ អ្នកចំណេញនយោបាយ គឺគណបក្សប្រឆាំង ឯរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច នឹងខាតកាន់តែធ្ងន់ធ្ងរៗ មិនខុសពីករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។
នៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «បើថ្ងៃនេះ មានគ្រាប់បែកផ្ទុះ ក្នុងក្បួនហែញត្តិ CNRP តើបក្សនយោបាយណាចំណេញ និងខាត? ថ្មីៗនេះ បណ្ឌិត កែម ឡី ស្លាប់ម្នាក់ ធ្វើឲ្យ CNRP ចំណេញនយោបាយ ប្រជាប្រិយភាពបានយ៉ាងខ្លាំង។ បើក្បួនហែញត្តិថ្ងៃនេះ មានគ្រាប់បែកផ្ទុះ ហើយមានសកម្មជន CNRP ស្លាប់ ១០០នាក់ CNRP នឹងចំណេញខ្លាំង អ្នកខាត គឺ CPP រាជរដ្ឋាភិបាល និងប្រទេសកម្ពុជាទាំងមូល។ នេះអាចជាហេតុផល ដែលអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យ CNRP ហែញត្តិ ដើម្បីការពារសន្តិសុខជាតិ និងជួយការពារអាយុជីវិតសកម្មជន CNRP»។
តាមគម្រោង កាលពីម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ ចង់ហែក្បួនដោយមានសកម្មជនជាច្រើនចូលរួម ដើម្បីដាក់ញត្តិប្តឹងទៅកាន់ស្ថានទូត ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបណ្តាស្ថានទូតប្រទេសសមាជិកអាស៊ាន ឱ្យមានកិច្ចអន្តរាគមន៍ មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រាប់ប្រទេសទាំងនោះថា កម្ពុជាបានឃ្លាតចាកឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ។
ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងហែក្បួននេះឡើយ ហើយបានដាក់របាំងរាំងផ្លូវជាតិលេខ២ នៅក្បែរទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិ ដោយគ្រាន់តែអនុញ្ញាតឱ្យតំណាងរាស្រ្តគណបក្សប្រឆាំង យកញត្តិទាំងនោះដាក់ស្ថានទូត ដោយគ្មានការហែក្បួនប៉ុណ្ណោះ។
កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «បើ CNRP មានចេតនាល្អតំណាងរាស្រ្ត CNRP អាចដាក់ញត្តិជូនស្ថានទូតនានា ដោយធម្មតា មិនចាំបាច់ប្រមូលកម្លាំងពលរដ្ឋទេ»៕