(ព្រះវិហារ)៖ នៅថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ លោក ចាន់ យុត្ថា រដ្ឋលេខាធិការតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ (ហៅតំបន់ថ្មធំ និងអានសេះ) ដែលកំពុងឈរជើងការពារព្រំដែនប្រាសាទក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា អំណោយទាំងនោះមានដូចជា៖ អង្គរ២តោន ត្រីខ៥០យួរ ទឹកត្រី និងទឹកស៊ីអ៊ីវ២៤យួរ មី៥០កេស អំបិល ៥០គីឡូក្រាម និងទឹកបរិសុទ្ធ៥០កេស។
ក្នុងឱកាសនេះលោក ចាន់ យុត្ថា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្មោះអស់ពីចិត្តពីសំណាក់រដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកស្រី ជូនចំពោះមេបញ្ជាការ មេបញ្ជាការរងពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងឈរជើងការពារតាមព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរការពារទឹកដី មាតុភូមិ ឱ្យបានគង់វង្ស។
ជាមួយគ្នានេះដែរលោក ថោ ជេដ្ឋា ក៏បានឧបត្ថម្ភថវិកាជូនកងកម្លាំងចំនួន៣៤៣នាក់ ដែលក្នុងម្នាក់ៗ ទទួលបានចំនួន១០ម៉ឺនរៀល។
មេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់គណៈប្រតិភូ អញ្ជើញមកជួបសំណេះសំណាល និងនាំយកថវិកាមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព។
នៅក្នុងឱកាសនោះ លោក ចាន់ យុត្ថា ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ព ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។
លោកបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។ ទន្ទឹមនឹងនោះ កងទ័ពរបស់យើង ក៏ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។ ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល៕