(បាត់ដំបង)៖ ភ្នាក់ងារនគរបាលយុត្តិធម៌ ចំនួន៣១៥នាក់ មកពីស្រុក-ក្រុងទាំង១៤ និងមន្រ្តីមកការិយាល័យនានា ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលស្បថបំពេញមុខងារ (បំពេញសិទ្ធ) ក្នុងសាលាដំបូងខេត្តបាត់ដំបង។
ពិធីចូលស្បថជាភ្នាក់ងារយុត្តធម៌ខាងលើ ធ្វើឡើងក្រោមវត្តមាន លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត, លោក ហេង លុយ តំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកស្រី យិច ឈាណាវី ជាចៅក្រមក្នុងសាលាដំបូងខេត្តបាត់ដំបូង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៨ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីនេះម្តងរួចមកហើយ ក្នុងនោះមានការបែងចែកមុខងារ និងចូលស្បថជាមន្រ្តីនគរបាលយុត្តិធម៌ដែលមានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯក ឡើងទៅ។ ដោយឡែក ការធ្វើពិធីនៅថ្ងៃនេះ គឺសម្រាប់តែភ្នាក់ងារនគរបាលយុត្តិធម៌ មានចំនួន៣១៥នាក់ ដើម្បីចូលស្បថបំពេញមុខងារ នៅសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីមានលិខិតស្នើសុំរបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត នាពេលថ្មីៗកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា ការចូលស្បថនាថ្ងៃនេះ ជាលើកទី២ហើយ គឺជាមន្រ្តីនគរបាល មកពីមូលដ្ឋានតាមបណ្តាស្រុក-ក្រុងទាំង១៤ និងមន្រ្តីនគរបាលមកពីការិយាល័យនានា ចំណុះឲ្យស្នងការខេត្តមួយចំនួន ដើម្បីបំពេញមុខងារ (បំពេញសិទ្ធ) ជាភ្នាក់ងារនគរបាលយុត្តិធម៌ តែមិនមានសិទ្ធិសម្រេចអ្វីធំដុំទេ អាចសម្រេចបានត្រឹមបទលហុប៉ុណ្ណោះ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងមាត្រា ៧៦, ៧៧, ៧៨, ក្រោយបានស្បថហើយមន្រ្តីទាំងអស់ ត្រូវបានទទួលស្គាល់ និងចេញវិញ្ញាបនបត្រពីសាលាដំបូងខេត្តបាត់ដំបង។
ដោយឡែកមន្រ្តីនគរបាលយុត្តិធម៌ ធ្លាប់បានទៅស្បថនៅសាលាឧទ្ធរណ៍ ដែលមានសញ្ញាបត្រ បញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយមានសិទ្ធិសម្រេចការងារ ទៅតាមភារកិច្ចជំនាញដែលថ្នាក់លើប្រគល់ជូន៕