Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែម (Video inside)

02-04-2024 18:16

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បា​នប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា ២ម៉ោងបន្ថែមទៀត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នារសៀលថ្ងៃទី០២​ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងមានគណៈកម្មាធិការជាតិឆ្នាំនេះ ដើម្បីរៀបចំនូវកម្មវិធី អនុវត្ដជំហានដំបូង៥០សាលា ដែលផ្ដោតលើបឋមសិក្សា [...] ការបង្កើតសាលាជំនាន់ថ្មី និងសាលាគំរូ ហើយនិងសាលាធម្មតា មិនមែនជាការប្រកួតប្រជែងនោះទេ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដនេះ ជាគម្រោងគំរូ ពេលដែលបានដើរយ៉ាងណា នៅឆ្នាំក្រោយ នឹងចែកផ្ដុំគ្នា ទៅជាសាលាគំរូអប់រំតែមួយ។ សម្ដេចបន្ដថា ការរៀបចំសាកល្បងនូវកម្មវិធីនេះ មានគណៈកម្មាធិការជាតិមួយ ជាដំណាក់កាលអន្ដរកាល។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មូលដ្ឋានគ្រឹះត្រូវតែពង្រឹង ហើយមត្តេយ្យដល់ថ្នាក់វិទ្យាល័យ ក៏ត្រូវតែពង្រឹង ហើយក៏ត្រូវដឹងថា ពង្រឹងអ្វីមុននោះដែរ បើសិនជាយកទាំងអស់ គឺច្រើនណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើថ្នាក់ទី១ ដល់ថ្នាក់ទី៦ រឹងមាំ សម្ដេចគិតថា ឡើងដល់ទី៧-ទី៨-ទី៩ និងទី១០-ទី១១-ទី១២ ក៏មានមូលដ្ឋានរឹងមាំដែរ ដែលផ្ដល់ភាពងាយស្រួល ដល់លោកគ្រូ-អ្នកគ្រូ ក្នុងការបង្រៀន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា កន្លងទៅក្រសួងអប់រំ បានខិតខំពង្រឹង ប៉ុន្ដែនៅតែមានបញ្ហា មិនទាន់បានល្អឥតខ្ចោះ ដែលនេះហើយ ជាគន្លឹះដែលក្រសួង ត្រូវតែពង្រឹងនៅថ្នាក់បឋមសិក្សា​ ឲ្យបានកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ចង់ទៅពង្រឹង នៅមត្តេយ្យ គឺពិបាកបន្ដិច ព្រោះថា មិនទាន់អាចស្ដាប់គ្នាបាន ដែលភាគច្រើន មានអាយុ៤-៥ឆ្នាំ ប៉ុន្ដែធ្វើម្ដេចបង្កើន អាហារូបត្ថម្ភជូនពួកគាត់ និងបង្រៀនជំនាញមួយចំនួន ជូនដល់ពួកគាត់ ដើម្បីជាមូលដ្ឋាន ពេលមករៀននៅថ្នាក់បឋម។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមានចំនួន ១៩,៣៤១កន្លែង ក្នុងនោះ សាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន ៨,៨៩១កន្លែង បឋមសិក្សា ៨,២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១,៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ ឯកជន ៣១៦)៕