(បន្ទាយមានជ័យ)៖ ក្រុមតំណាងប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន និងយោធិនពិការកាត់រំសាយ ចំនួន១២០គ្រួសារ រស់នៅភូមិអូរសំព័រ ឃុំអុរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានថ្លែងពីការលំបាកថា អាជ្ញាធរមិនធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ ព្រោះពួកគាត់បានចូលមករស់នៅទីនោះ កាលពីឆ្នាំ២០១៣ និងទទួលបានរបបដីស្រែចម្ការ ចំនួន៥ហិកតា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់សិទ្ធិរបស់ពួកគាត់រស់នៅ និងធ្វើស្រែចម្ការ តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងប្រជាពលរដ្ឋខាងលើ បានស្នើរឱ្យអាជ្ញាធរជាច្រើនដងមកហើយ តែមិននៅតែមិនទាន់បាន ថែមទាំងមិនរៀបចំឯកសារកាន់កាប់ដីធ្លី ជូនពួកគាត់នៅឡើយ ដូច្នេះពួកគាត់សូមទទូចឱ្យអាជ្ញាធរខេត្ត ស្រុក ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជួយអន្តរាគមន៍ដើម្បីឱ្យពួកគាត់ ទទួលបានភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីនេះ ស្របតាមគោលនយោបាយ។
ពួកគាត់បានបន្ថែមថា ពួកគាត់ទាំងអស់បានរំសាយ និងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ជារឿយៗ រហូតទទួលបានដីស្រែចម្ការ និងលំនៅឋានពីសម្តេចតេជោ ក្នុង១គ្រួសារទទួលបានដីចំនួន៥ហិកតា និងមានលិខិតលេខ ៣៦៥ ស.ណ ២០១១ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងការពារជាតិ និងចំណារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១។
លោក លី សារី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បញ្ហាខាងលើនេះ គឺលោកស្នើឱ្យប្រជាពលរដ្ឋ ជាអតីតយុទ្ធជនពលីពិការ និងយោធិនកាត់រំសាយចំនួន១២០គ្រួសារ យកលិខិតគតិយុទ្ធទាំងអស់ ហើយលោកនឹងអញ្ជើញពួកគាត់ចូលរួមពិនិត្យទាំងអស់គ្នា ចំណែកឯបញ្ហាអង្គការ សមាគមនជនពិការអង្គរ នោះលោកបានមិនដឹងថាមកពីណាដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាព Fresh News មិនអាចទាក់ទងបានទៅលោកអភិបាលស្រុកម៉ាឡៃ បានទេ៕