(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្ស នៅបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

បន្ថែមពីនោះទៀត លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងបាន និងកំពុងពង្រឹង គុណភាពនៃការអប់រំកម្រិតបឋមសិក្សាតាមរយៈ៖ ១. ការលើកកម្ពស់អំណានដំបូង ២. គណិតវិទ្យាថ្នាក់ដំបូង, ៣. បង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣, និង ៤. បង្កើត «សាលាគំរូ អំណាននិងគណិតថ្នាក់ដំបូង»

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «ការលើកកម្ពស់ អំណានថ្នាក់ដំបូង និង​ គណិតវិទ្យាថ្នាក់ដំបូង ជាពិសេសការបណ្តុះបណ្តាលគ្រូ និងការពង្រីកការអនុវត្តនៅទូទាំងប្រទេសមាន គោលដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សា របស់សិស្ស ពោលគឺ កុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា»

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមានចំនួន ១៩,៣៤១កន្លែង ក្នុងនោះ សាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន ៨,៨៩១កន្លែង បឋមសិក្សា ៨,២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១,៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ ឯកជន ៣១៦)។ ដៅយឡែក ចំពោះគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស មាន១៦៩កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ៧៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៩១៕