(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ សាលារៀនចំនួន៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀន គោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្ដល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩។

នេះបើតាមការបញ្ជាក់ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ របស់ក្រសួង ក្រោមអធីបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះថា «ក្រសួងបានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ រួមជាមួយនឹងយន្តការគាំទ្រ និងអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធានាបានការអនុវត្ត មានភាពច្បាស់លាស់ក្នុងឆ្នាំ២០២៤ និងគ្រប់ជ្រុងជ្រោយ។ សាលារៀនចំនួន ៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀន គោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្ដល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩»

បណ្ឌិតសភាចារ្យបានបន្ថែមថា ក្រសួងអប់រំ បាននិងកំពុងជំរុញការអនុវត្តសាលារៀនគំរូ តាមគ្រប់រូបភាពដោយប្រើប្រាស់យន្តការ និងធនធានសរុប ទាំងថវិការដ្ឋ និងថវិកា ដៃគូអភិវឌ្ឍ ក្នុងនោះក្រសួងបានប្រជុំជាមួយអង្គភាព នៅរដ្ឋបាលកណ្ដាល និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីពិនិត្យស្ថានភាពឥណទានថវិកាឆ្នាំ២០២៤ ក្នុងគោលបំណងកៀរគរឥណទានថវិកា ពីសកម្មភាពផ្សេងទៅផ្តោតលើការអនុវត្តសាលារៀនគំរូ ដោយសរុបថវិកាបាន ១៥,៥៤៣,២០០,០០០រៀល ឬស្មើនឹង ៣.៨លានដុល្លារ។

បើតាមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅក្នុងការអនុវត្តសាលារៀនគំរូឆ្នាំទី១ ក្រសួងបានចេញប្រកាសទទួលស្គាល់ សាលារៀនទាំង១២០ នៅក្នុងឱកាសសន្និបាតអប់រំ និងបានលើកចិត្តឱ្យសាលារៀនទាំង១២០ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

ក្រសួងបានទទួលស្គាល់ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្រែក្នុង ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត ជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគំរូ ដោយមើលឃើញអំពីលទ្ធផលនៃការបំពេញការងារល្អ និងភាពជាអ្នកដឹកនាំល្អរបស់លោកនាយក។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារអធិការកិច្ច ដែលជាកិច្ចការដ៏សំខាន់មួយ ក្នុងការគាំទ្រសាលារៀនគំរូ ដោយក្រសួងបានបន្សុឧបករណ៍អធិការកិច្ច ជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីក្តាប់បានស្ថានភាពរបស់សាលារៀននីមួយៗ និងឈានទៅរៀបចំសកម្មភាពជាក់លាក់ សម្រាប់ចុះជួយគាំទ្រ៕