(ភ្នំពេញ)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ល្ងាចថ្ងៃចន្ទថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនលើកទី២ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ូឌែន២ (ចាក់អង្រែក្រោម) ក្រោមអធិបតីភាពបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោក ឯក សំអុល លោកស្រី ម៉ាន ណាវី,​ លោក អ៉ឹមរ៉ន​ ហាស្សាន់​ អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ លោកជុំ កុសល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព, បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រិតបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន, លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងលោក រ៉ូហ្វី អូស្មាន, លោក វ៉ា ឈូដា ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព គណៈចលនាឥស្លាម និងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា សរុបប្រមាណជាង១ពាន់នាក់។

ជាមួយគ្នានោះ ក៏មានការចុះអនុស្សារណៈយោគយល់ រវាងសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជា លើកម្មវិធី «អភិវឌ្ឍសហគមន៍ និងកិច្ចការមនុស្សធម៌» ដែលមានវត្តមានបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជា ជាហត្ថលេខី។

ថ្លែងក្នុងឱកាសនោះលោក ណាសៀត អូស្មាន សម្តែងក្តីរីករាយចំពោះការចុះអនុស្សារណៈយោគយល់គ្នា និងការរៀបចំពិធីស្រាយបួសជាមួយសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាពេលនេះ ដែលជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវភាពជាបងប្អូន និងជាមហាគ្រួសារសន្តិភាពរបស់កម្ពុជា។

បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈចលនាឥស្លាម និងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ដែលបានគាំទ្រ និងផ្តល់កិច្ចសហការ យ៉ាងល្អជាមួយសម្ពន្ធយុវជស្រលាញ់សន្តិភាព នាពេលកន្លងមក និងតទៅអនាគត។

បណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៤នេះ គឺជាលើកទី២ ដែលសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានរៀបចំពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនខ្មែរ-ឥស្លាម ក្នុងន័យផ្សារភ្ជាប់មនោសញ្ចេតនាជាមួយបងប្អូនសាសនិកឥស្លាម ដើម្បីរួមគ្នាបង្កើតសុដុមនីយកម្មសាសនានៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព តាមអនុសសាសន៍ ណែនាំដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងបិតាស្ថាបនិកសន្តិភាពកម្ពុជា ហើយត្រូវបាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំអនុវត្តប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនសាសនិកឥស្លាម។

បណ្ឌិត អូស្មាន ហាស្សាន់ និងលោក ជុំ កុសល ក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់សម្ពន្ធយុវជនទាំង២ បានសម្តែងការអបអរសាទរ ជាមួយការកោតសរសើរខ្ពស់ ចំពោះដំណើរដ៏រឹងមាំស្វាហាប់ និងការបោះជំហានទៅមុខរបស់យុវជនទាំង២ ដែលបានផ្សារភ្ជាប់នឹងស្មារតីសាមគ្គីភាព រួមគ្នាស្រលាញ់ថែរក្សាសន្តិភាពរបស់កម្ពុជា ប្រកបដោយមនស្សការ និងឧត្តមគតិជាកូនល្អ ជាយុវជនល្អ ជាប្រជាពលរដ្ឋល្អរបស់កម្ពុជា ដែលចំណែកមួយនៃកោសិកាសង្គម ជាផ្នែកមួយនៃសហគមន៍ កំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសន្តិភាព និងកំពុងដឹកនាំជីវិតធ្វើដំណើរលើវិថីសន្តិភាព និងការអភិវឌ្ឍន៍ តាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា៕