(ទីម័រខាងកើត)៖​ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រខាងកើត។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយឱ្យទីម័រខាងកើតបំពេញតាមតម្រូវការដាក់ចេញដោយអាស៊ាន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការ តំបន់មួយនេះ។ បណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេរបស់គាត់ ដើម្បីជួយទីម័រខាងកើតក្នុងការកសាងសមត្ថភាព ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នាពេលអនាគត។

នៅព្រឹកថ្ងៃអង្គារ លោកបណ្ឌិត កៅ គឹមហួន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Maria Fernanda Lay ប្រធានសភាជាតិទីម័រខាងកើត។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមខ្លួនធ្វើការរួមគ្នាជាមួយទីម័រខាងកើត ក្នុងការតៀមខ្លួនសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន រួមទាំង ការបំពេញតម្រូវការកសាងសមត្ថភាព។
បណ្ឌិត កៅ គឹមហួន បានបង្ហាញពីទំនុកចិត្តចំពោះផលប្រយោជន៍ទៅវិញទៅមក ដែលនឹងផ្តល់ជូនទាំងអាស៊ាន និងទីម័រខាងកើត នៅពេលក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ បណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសភាជាតិ ទីម័រខាងកើត ផ្តល់នូវការគាំទ្រផ្នែកច្បាប់យ៉ាងពេញលេញ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតនៅក្នុងដំណើរការដ៏សំខាន់មួយនេះ។

បន្ទាប់មក អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានសំដែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការទទូចចង់ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រខាងកើត។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់សាជាថ្មីចំពោះ ការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ចំពោះទីម័រខាងកើត នៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបំពេញតាមតម្រូវការដាក់ចេញដោយអាស៊ាន ព្រមទាំង ការបង្កើនការកសាងសមត្ថភាព។ បន្ទាប់ពីជំនួបសំដែងការគួរសមនេះ ប្រធានាធិបតី ក៏បានរៀបចំអាហារថ្ងៃត្រង់ជូនអគ្គលេខាធិការអាស៊ានផងដែរ។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពិភាក្សាជាមួយសមាជិក នៃរដ្ឋាភិបាលទីម័រខាងកើត ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ក្នុងការស្វែងរកសមាជិកភាពពេញសិទ្ធិអាស៊ាន រួមទាំង តួនាទីរបស់លេខាធិការដ្ឋានអាស៊ានផងដែរ ក្នុងការជំរុញការងារនេះ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យទីម័រខាងកើតឆាប់បំពេញតាមលក្ខខណ្ឌតម្រូវដែលដាក់ចេញនៅក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិរបស់ទីម័រខាងកើត នៅក្នុងអាស៊ាន ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយដល់ទីម័រខាងកើត៕