(បាត់ដំបង)៖ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពីធីអបអរសាទរ ទិវាអន្តរជាតិភាសាចិន និងការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន ក្រោមអធិបតីភាពលោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី ប៉ក សម័យសុវិទ្យានី។

នៅក្នុងពីធីនេះ ក៏មានសមាសភាពចូលរួមជាគណៈអធិបតីរួមមាន លោក LU Qizhi ប្រធានការិយាល័យកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ សូរ គឹមប៉ាក មេបញ្ជាការរងនៃយោធភូមិភាគទី៥ លោក ឈន ឈាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ព្រមទាំងមានមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចំនួនប្រមាណជា៥០០នាក់។

លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺភាគីចិន បានធ្វើរបាយការណ៍ ស្តីពីការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិភាសាចិន របស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងអង្គពិធីអំពីវឌ្ឍនៈភាពនៃវិទ្យាស្ថានខុងជឺ។

លោកសាស្រ្តាចារ្យបានមានប្រសាសន៍ថា ប្រទេសចិន និងប្រទេសកម្ពុជាសុទ្ធតែមានអរិយធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ព្រមទាំងមានវប្បធម៌ និងសិល្បៈដ៏មហស្ចារ្យ។ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនគឺជាសសរទ្រូងដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ «ពេជ្រប្រាំមួយជ្រុង» ចិន-កម្ពុជាក្នុងឱកាសនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាឆ្នាំ២០២៤នេះ។

វិទ្យាស្ថានបានយកឱកាសនេះ ក្នុងការផ្សព្វផ្សាយភាសាចិន និងវប្បធម៌ជាស្ពានតាមរយៈការរៀបចំសកម្មភាពផ្លាស់ប្តូរ វប្បធម៌ជាច្រើនទៅទៀត ដើម្បីពង្រឹងការអប់រំអន្តរជាតិភាសាចិន ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងពីអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើតទំនាក់ទំនងរបស់យុវជនចិននិងយុវជនកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនចិននិងកម្ពុជា និងបង្កើនការផ្លាស់ប្តូរអរិយធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមក។

លោកបានបន្ថែមទៀតថា យើងទាំងអស់គ្នារួមចំណែក ក្នុងការកសាងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដើម្បីរួមជោគវាសនាអនាគតជាមួយគ្នា ក្នុងយុគសម័យថ្មីនេះ។

លោក LU Qizhi ប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ភាសាចិនជាភាសា ដែលនិយាយច្រើនជាងគេបំផុត ក្នុងពិភពលោក និងជាភាសាមួយ ក្នុងចំណោមភាសាការងារទាំងប្រាំមួយ របស់អង្គការសហប្រជាជាតិ ហើយភាសាចិនេះជាភាសាមួយ ក្នុងចំណោមភាសាដែលមានប្រវត្តិសាស្រ្តយូរអង្វែងជាងគេ និងស៊ីជម្រៅបំផុតនៅក្នុងពិភពលោក។ នៅពេលដែលសេដ្ឋកិច្ចប្រទេសចិន ត្រូវបានពង្រឹងយ៉ាងរឹងមាំ ហើយប្រទេសចិនមានភាពប្រសើរឡើង ជាលំដាប់នៅលើឆាកអន្តរជាតិ។ គុណតម្លៃជាក់ស្តែងរបស់ប្រទេសចិន នៅតែបន្តកើនឡើងបានទាក់ទាញអ្នកសិក្សាកាន់តែច្រើនឡើង ដើម្បីសិក្សាភាសាចិន និងស្វែងយល់ពីវប្បធម៌ចិនដ៏យូរអង្វែងមួយនេះ។ យោងតាមស្ថិតិពិភពជនបរទេស ជាង ៣០ លាននាក់ដែលកំពុងសិក្សាភាសាចិន ហើយចំនួនអ្នកសិក្សា និងអ្នកប្រើប្រាស់កើនឡើងជិត ២០០ លាននាក់។

លោកបានគូសបញ្ជាក់ទៀតថា លោកប្រធានាធិបតី Xi Jinping មានគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយជំរុញការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដោយយកចិត្តទុកដាក់លើការទទួលមរតក ការច្នៃប្រឌិតនៃអរិយធម៌ ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនអន្តរជាតិ។ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងប្រទេសកម្ពុជា។ ប្រទេសចិន និងកម្ពុជាមានអរិយធម៌ប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈដ៏អស្ចារ្យ។ ការអនុវត្តការផ្លាស់ប្តូរវប្បធម៌ចម្រុះនឹងពិតជាពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន រវាងប្រទេសចិន និងប្រទេសកម្ពុជា និងដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងស្អិតរមួយ។

យើងសង្ឃឹមថាមិត្តកម្ពុជាកាន់តែច្រើន អាចទទួលបានបទពិសោធន៍បន្ថែមទៀត អំពីវប្បធម៌ប្រពៃណីចិន និងស្វែងយល់តាមរយៈព្រឹត្តិការណ៍ទិវាអន្តរជាតិ ភាសាចិននេះ។ ពួកយើងមានឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ គ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសរសេរចងក្រងជំពូកថ្មី ក្នុងការកសាងសហគមន៍ចិន- កម្ពុជា ដែលមានជោគវាសនាអនាគតរួមគ្នា នៅក្នុងយុគសម័យថ្មី។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ថា៖ ចំណេះដឹងភាសាចិននឹងនាំឱ្យយើងយល់ដឹងពីប្រទេសចិនតាំងពីសម័យបុរាណកាល រហូតដល់សម័យទំនើបទាក់ទងនឹង វប្បធម៌ សិល្បៈ ទស្សនវិជ្ជា នយោបាយ និងវិទ្យាសាស្រ្តជាដើម។ យើងប្រារព្ធទិវាអន្តរជាតិភាសាចិន និងការផ្លាស់ប្តូរវប្បធម៌ មានន័យថាយើងមិនត្រឹមតែទទួលស្គាល់ សមិទ្ធផលភាសាចិនប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ពហុភាសា និងការស្វែងយល់វប្បធម៌គ្នាយ៉ាងស៊ីជម្រៅទៅវិញទៅមកផងដែរ។ ហេតុដូច្នេះហើយ ការរៀនសូត្រ ពហុភាសា និងអន្តរវប្បធម៌ គឺប្រៀបបានដូចជាការចាប់ផ្ដើមបើកចំហដួងចិត្ត និងផ្នត់គំនិតថ្មី ដើម្បីបង្កើតចំណងមិត្តភាព និងចាប់យកឱកាសគ្មានដែនកំណត់។
ឯកឧតុ្តមបានគូសបញ្ជាក់ទៀតថា៖ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលយើងទទួលស្គាល់ថាជា៖ "ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន"។ ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព ការទូត និងនយោបាយ ដែលយើងទាំងអស់គ្នាចង់ចាំថា៖ «ជាមិត្តភាពគ្រាប់ពេជ្រ»

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកការអភិវឌ្ឍវិស័យឯកជន ជារបៀបវារៈគោលនយោបាយសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដោយបានដាក់គោលដៅក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧%។

ក្រៅពីការជំរុញកំណើនសេដ្ឋកិច្ច វិស័យឯកជនក៏ជាដៃគូដ៏សំខាន់បំផុត ក្នុងការបង្កើតការងារ ការបណ្តុះបណ្តាលមូលធនមនុស្ស ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារតំបន់ និងសកលលោក។ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំព្រឹត្តិការណ៍វប្បធម៌មួយ ក្រោមប្រធានបទ «បទពិសោធន៍ភាពស្រស់ត្រកាលនៃជនជាតិចិន និងការលើកកម្ពស់កិច្ចសន្ទនាអរិយធម៌»

សូមគូសបញ្ជាក់ផងដែរថា នៅក្នុងពីធីអបអរសាទរទិវាអន្តរជាតិភាសាចិន និងការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន ក៏មានរៀបចំកម្មវិធីតាំងពិពរណ៍បង្ហាញវប្បធម៌ម្ហូបអាហារចិន និងការផ្សព្វផ្សាយផលិតផល និងការជ្រើសរើសនិស្សិត ចូលបម្រើការងារនៅក្នុងក្រុមហ៊ុន សហគ្រាសចិនផងដែរ៕