(សៀមរាប)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និងលោក អ៉ឹង​ គឹមលាង អភិបាលរងខេត្តសៀមរាប។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការណែនាំបន្ថែមដល់សមាជិកសហគមន៍ និងភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត ស្រុក និងឃុំគោលដៅ, ផ្តល់ពត៌មានអំពីការផ្តល់ប្រាក់កម្ចី របស់គម្រោង ACSEP ដល់សមាជិកសហគមន៍កសិកម្មដែលមានក្នុងបញ្ជីក្រុមគោលដៅ និងកសិករចិញ្ចឹមមាន់ស្រុក និងបង្ហាញអំពីនីតិវិធីដែលអាចទទួលបានឥណទានដល់សមាជិកសហគមន៍កសិកម្ម ដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្មលើវិស័យកសិកម្ម។

កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕