(ស្ទឹងត្រែង)៖ លោក ឈើតគៀត អត្តាករ អគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូនៃស្ថានទូតថៃ និងតំណាងវិស័យឯកជនថៃ ចុះបំពេញទស្សនកិច្ចនៅខេត្តស្ទឹងត្រែង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសទស្សកិច្ច, លោក ឈើតគៀត អត្តាករ បានដឹកនាំមន្រ្តីស្ថានទូត និងតំណាងវិស័យឯកជន ចូលជួនសម្តែងការគួរសម ពិភាក្សាការងារជាមួយឯលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពីលោក ស៊ី សួន អភិបាលរងខេត្តខេត្ត ប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ ឯកអគ្គរាជទូតថៃ បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តស្ទឹងត្រែងរយៈ២ថ្ងៃ ក្នុងគោលបំណងសំខាន់ គឺរៀបចំសកម្មភាព CSR រួមជាមួយសហគមន៍ថៃ និងវិស័យឯកជនថៃ នៅកម្ពុជា ដើម្បីជួយគាំទ្រ ដល់ការអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីថៃ និងកម្ពុជា ឱ្យកាន់តែជិតស្និតបន្ថែទៀតលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងតភ្ជាប់ក្នុងតំបន់។

ឱកាសនោះ លោកអភិបាលខេត្តស្ទឹងត្រែង បានសម្តែងការរីករាយរាយ ដែលលោកឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានដឹកគណៈប្រតិភូ មកទស្សនកិច្ច និងសម្តែងការគួរសម ពិភាក្សាការងារ។

លោក ស្វាយ សំអ៊ាង បានជំរុញភាគីថៃ ពង្រឹងនៅកិច្ចសហប្រតិបត្តិការរវាងស្ថានទូតថៃ និងខេត្តស្ទឹងត្រែងឱ្យតែល្អប្រសើរ ជំរុញឱ្យទីប្រឹក្សាបច្ចេកទេស ជំនាញដែលពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច សិក្សាស្វែងយល់បន្ថែមទៀតពីសក្កានុពល និងជីវភាពប្រជាពលរដ្ឋ ដើម្បីនាំអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម កសិកម្មនៅខេត្តស្ទឹងត្រែង ដោយសារខេត្តស្ទឹងត្រែងមានការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម ដូចជា៖ រោងចក្រកៅស៊ូ ស្វាយ ចន្ទី ចេកអំបូង វិស័យនានា។

អភិបាលខេត្តបានបន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាចាំបាច់ ដែលស្នើសុំឱ្យសិក្សាស្វែងយល់ ដើម្បីឱ្យទីជនបទ និងនៅក្នុងក្រុងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោក ស្វាយ សំអ៊ាង សង្ឃឹមថា ស្របពេលនៃការលើកឡើងរបស់ភាគីថៃ និងយកទៅសិក្សាស្វែងយល់ថា វិស័យមួយណាជាអាទិភាព ដើម្បីធ្វើការវិនិយោគ ឬអភិវឌ្ឍន៍នៅខេត្តស្ទឹងត្រែង ឱ្យកាន់តែមានភាពរីកចម្រើន៕