(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នាពេលខាងមុខ ដែលបានរៀបចំនៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី, លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការបក្សខេត្ត និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ ខេត្តឡុងអាន និងខេត្តតៃនិញ (ប្រទេសវៀតណាម) ផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណៈប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង៕