Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាមពិតមីស៊ីលបីគ្រាប់ម្សិលមិញគឺ លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាការបាញ់ដោយផ្ទាល់ នៅអំឡុងថ្ងៃបញ្ចប់នៃកិច្ចប្រជុំ G20

06-09-2016 03:21

(ព្យុងយ៉ាង)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនំាកំពូលទីក្រុង ព្យុងយ៉ាងលោក គីម ជុងអ៊ុន គឺជាអ្នកដែលបានបញ្ជាដោយផ្ទាល់ ការបាញ់សាកល្បង គ្រាប់មីស៊ីលផ្លោងចំនួន បីគ្រាប់នៅថ្ងៃចន្ទ ហើយមិនតែប៉ុណ្ណោះ មេដឹកនំារូបនេះក៏បានបញ្ជាផងដែរ ឱ្យយោធារបស់ខ្លួន បង្កើនការបាញ់សាកល្បងដូចគ្នានេះ ដើម្បីពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និង យោធាកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងដែរថា កងអង្គភាពកំាភ្លើងធំ Hwasong នៃយោធាកូរ៉េខាងជើង បានបាញ់ សាកល្បងគ្រាប់មីស៊ីលទំាងនេះ ដើម្បីជាការហ្វឹកហាត់វាយប្រហារប្រឆំាងនឹង មូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ KCNA បានបញ្ជាក់ទៀតថា ការបាញ់សាកល្បងមីស៊ីលកាលពីម្សិលមិញ គឺប្រព្រឹត្តិទៅដោយល្អឥតខ្ចោះដែលនេះអាចបង្ហាញបានថា យោធាកូរ៉េខាងជើងមានសមត្ថភាគ្រប់គ្រាន់ ក្នុងការដឹកនំាការវាយប្រហារ ដើម្បីការពារខ្លួនប្រឆំាងនឹងសត្រូវ គ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា គ្រាប់មីស៊ីលបាលីស្ទីគ ដែលរបបដឹកនាំទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងកាលពីថ្ងៃចន្ទនេះ ជាប្រភេទមីស៊ីល Rodong រយៈចំងាយមធ្យម ដែលរត់ក្នុងចំងាយ ជាង១,៣០០គីឡូម៉ែត្រ ៕