(ត្បូងឃ្មុំ)៖ នៅថ្ងៃចន្ទ​ទី១​ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាឃុំ នៃស្រុកមេមត់ ដែលបានប្រព្រឹត្តិទៅនៅសាលាស្រុកមេមត់។ 

ការបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាល បានចែកជា១៥ក្រុម រួមមាន៖

*ក្រុមការងារចល័ត ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ម៉ឹង មករា
*១៤ក្រុមការងារឯទៀត ចុះតាមមូលដ្ឋាននៃឃុំទាំង១៤ ក្នុងស្រុកមេមត់។

លោកបណ្ឌិតប្រធានបានណែនាំដល់ក្រុមការងារឲ្យបន្តយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសការរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជាបេសកកម្មចម្បង របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមេមត់ ដើម្បីធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

លោកបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយរម្លឹកឡើងវិញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដល់អង្គពិធីទាំងមូល និងបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់នូវបេសកកម្មជាប្រវត្តិសាស្ត្រចម្បងៗចំនួន២រួម៖ 

*ទី១៖ រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។    
*ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍ពេញលេញលើគ្រប់វិស័យ នៅឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់នៃវិស័យមូលធនមនុស្សនិងសង្គម និងភាពធន់នៃវិស័យបរិស្ថាន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងពិធីសំណេះសំណាលលោកបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» រៀបចំឡើងដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១នេះ នឹងបន្តពង្រឹង និងពង្រីកនូវការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងការរួមចំណែកបង្កើននូវសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកមេមត់ លោកប្រធានក្រុមការងារ បានដាក់ចេញនូវគោលការណ៍ចម្បងៗជាបឋម រួមមាន៖

*ទី១៖ ស្រុកមេមត់ ត្រូវមានបរិស្ថានស្អាត ប្រជាពលរដ្ឋតាមភូមិឃុំត្រូវយល់ដឹងនូវគុណតម្លៃ និងប្រយោជន៍ពីការអនុវត្តអនាម័យបរិស្ថានស្អាត ដើម្បីជួយឱ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺ និងមានភាពទាក់ទាញនូវ ការវិនិយោគចូលមកក្នុងភូមិឃុំ ស្រុកមេមត់ ទាំងបច្ចុប្បន្ន និងពេលអនាគត។

បណ្ឌិតប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ដើម្បីឲ្យបរិស្ថាន និងសោភ័ណភាពទីប្រជុំជនក្នុងស្រុកមេមត់ស្អាត និងមានរបៀបរៀបរយ អង្គភាពសាធារណៈ គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ វត្តអារាម ត្រូវអនុវត្តជាគំរូដល់ប្រជាពលរដ្ឋ ធ្វើជា «វីរជនបរិស្ថាន» ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពីការវេចខ្ចប់ ទុកដាក់ ការញែកសំរាម និងកៀរគរប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់សេវាប្រមូលសំរាមឲ្យបានកាន់តែច្រើន។ លើសពីនេះ អាជ្ញាធរស្រុកមេមត់ ត្រូវអនុវត្តការងារ គ្រប់គ្រងបរិស្ថានឲ្យមាននិរន្តរភាព និងត្រូវបន្តពង្រីកវិសាលភាពគ្រប់គ្រងសំរាមសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។

*ទី២៖ ពង្រឹងប្រសិទ្ធភាពនៃការធ្វើ «សេដ្ឋកិច្ចកសិកម្ម» ក្នុងស្រុកមេមត់ តាមរយៈរូបមន្តសហគមន៍កសិកម្ម ដើម្បីធានាឱ្យបាននូវមាត្រដ្ឋាននៃសេដ្ឋកិច្ច ក្នុងប្រតិបត្តិការផលិតកសិផល ដែលនាំមកនូវការកាត់បន្ថយចំណាយ បង្កើនចំណូល ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងទីផ្សារកសិផល ជូនដល់ប្រជាកសិករក្នុងមូលដ្ឋានស្រុកមេមត់។ ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕