(កំពង់ស្ពឺ)៖ លោក សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំង ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សេង ញ៉ក់, លោក សត្យា វុធ និងលោក សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តកំពង់ស្ពឺ មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុត្ថហត្ថ និងកងកម្លាំងគ្រប់ប្រភេទប្រមាណ ៤០០នាក់។

នាឱកាសនោះដែរ លោក សេង ញ៉ក់ បាននាំយកការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននាឱកាសនោះ។ លោកបានបន្តថា ឧបនាយករដ្ឋមន្រ្តី មិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងបំពេញការងារដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិយើង។ ជាពិសេសនាឱកាសនៃពិធីចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ស្របពេលដែលប្រជាពលរដ្ឋគ្រប់ទិសទីកំពុងសប្បាយរីករាយជួបជុំក្រុមគ្រួសារ កងកម្លាំងទាំងអស់ត្រូវនៅប្រចាំការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនបានសម្រាកនោះឡើយ។

ជំនួសមុខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ, អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណកងកម្លាំងទាំងអស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាការពារថែរក្សាសុខសន្តិភាព និងសុវត្ថិភាព ជូនប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋជារួម ។

លោកក៏បានគូសបញ្ជាក់ថា សេចក្តីសុខរបស់ប្រទេសជាតិ ពិតជាមិនអាចកាត់ផ្តាច់ចេញពីកងកម្លាំងប្រដាប់អាវុធយើងបានឡើយ ដោយសារបងប្អូនកងកម្លាំង បានចូលរួមបំពេញកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា សុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន និងប្រទេសជាតិ។

សូមជម្រាបជូនថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ ចំនួន ០៤អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន៖ អង្ករ ៥តោន មី ២០០កេស ទឹកសុទ្ធ ១០០កេស ភេសជ្ជៈ ១៥០កេស និងថវិកា ៨លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារៈ ថវិកាបន្ថែមមួយចំនួនពីលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាផងដែរ៕