(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានគូសបញ្ជាក់ថា ជាចក្ខុវិស័យសម្រាប់កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន ឆ្នាំ២០២៤ គឺសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងការតភ្ជាប់ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាបេះដូង នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាស៊ាន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បណ្តាអង្គទូត អង្គការដៃគូរអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំធុរកិច្ចជាតិ និងអន្តរជាតិប្រមាណ៤៥០នាក់។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ដៃគូទាំងអស់ បានធ្វើឲ្យកិច្ចប្រជុំកំពូលធុរកិច្ចនេះ ទទួលបានជោគជ័យ និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ចកាន់តែរឹងមាំ នៅទូទាំងបណ្តាប្រទេសអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា ដោយផ្អែកលើភាពជោគជ័យ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ដែលរៀបចំនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ និង២០២២។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៣ នឹងត្រូវលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាននេះ គឺរួមមាន ១៖ ជំរុញការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព, ២៖ គាំទ្រនវានុវត្តន៍ និងឌីជីថលនីយកម្មតាមរយៈបច្ចេកវិទ្យា និង៣៖ ធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន ដែលមិនទុកនរណាម្នាក់ចោល។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា «កម្ពុជា គឺជាមជ្ឈភាពនៃអាស៊ាន ហើយត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាតំណភ្ជាប់យុទ្ធសាស្ត្រ សម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន»

អ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា កម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ដ៏គួរឲ្យទាក់ទាញ ដោយសារ៖ ១. វិធីសាស្រ្តបើកទ្វារចំហ និងវឌ្ឍនភាព, ២. ធនធានសម្បូរបែប, ៣. បរិយាកាសនយោបាយស្ថិរភាព, ៤. ច្បាប់វិនិយោគដែលសម្លឹងទៅអនាគត, ៥. ការលើកទឹកចិត្តពន្ធដ៏ទូលំទូលាយ និង៦. បណ្តាញទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

អ្នកឧកញ៉ា គិត ម៉េង ក៏បានចង្អុលបង្ហាញថា «សម្រាប់អាជីវកម្ម ដែលស្វែងរកមជ្ឈមណ្ឌលផលិតកម្ម ឬការិយាល័យអាជីវកម្ម ដើម្បីបម្រើដល់ប្រជាជនចំនួន ២.៥ពាន់លាននាក់ នៅទូទាំងអាស៊ាន ប្រទេសកម្ពុជា គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ធុរកិច្ច»

លើសពីនោះទៀត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ប្រទេសកម្ពុជា ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ ដែលបើកទូលាយ ផ្អែកលើបទប្បញ្ញត្តិ និងដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ ប្រែក្លាយទៅជាបរិយាកាសធុរកិច្ច ដែលមានស្ថិរភាព អាចព្យាករណ៍បាន និងដែលគាំទ្រដោយរដ្ឋាភិបាល ដែលប្រកាន់យកនូវតម្លាភាព អភិបាលកិច្ច និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា គោលនយោបាយថាមវន្ត បើកចំហ និងផ្តោតលើឌីជីថលរបស់រាជរដ្ឋាភិបាល បង្កើតបរិយាកាសអំណោយផល សម្រាប់នវានុវត្តន៍ឧស្សាហកម្ម ដែលជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធីបតី ហ៊ុន ម៉ាណែត, ប្រទេសកម្ពុជា បានចាប់ផ្តើមការធ្វើដំណើរប្រកបដោយមហិច្ឆតា ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

អ្នកឧកញ៉ា គិត ម៉េង បានបន្ដថា យុទ្ធសាស្ត្រនេះ គឺដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ភាពជោគជ័យរួមរបស់យើង ដោយមានការផ្តោតសំខាន់ចំនួន ៥ទៅលើ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចិរភាព។

អ្នកឧកញ៉ា គិត ម៉េង មានជំនឿថា គោលនយោបាយនេះ នឹងបន្តធានានូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងអភិបាលកិច្ច និងការធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។

ដូច្នេះហើយ យើងបានចាក់គ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាង និងនាំឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះជាបញ្ជាក់បន្ថែម របស់អ្នកឧកញ៉ា គិត ម៉េង។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ បរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)»

កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់ បច្ចេក វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕