(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសពង្រឹងទំនាក់ទំនងជាមួយជប៉ុនឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅពេលក្លាយជាប្រធានព្រឹទ្ធសភា។
មួយថ្ងៃមុនពេលសម្តេចតេជោ ហ៊ុន សែន ឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
តាមរយៈជំនួបធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ លោកឯកអគ្គរាជទូតជប៉ុន បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានជួបសម្តែងការគួរសម ហើយសង្ឃឹមថានឹងបានជួបជាមួយសម្តេចតេជោ ជាបន្តបន្ទាប់ទៀតនៅពេល សម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។
លោកឯកអគ្គរាជទូតជប៉ុន បានអបអរសាទរជូនសម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅថ្ងៃទី៣ ខែមេសា ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរាជទូត ដែលបានឆ្លៀតពេលជួបសម្តេច មុនពេលសម្តេចក្លាយជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អជូនសម្តេច នៅពេលអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។ សម្តេចតេជោ ក៏បានអរគុណជប៉ុន ដែលបានរៀបចំឱ្យ សម្តេចជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៉ីមីអូ ដែលបានទទួលជួបសម្តេច ទោះបីសម្តេច មិនមានតួនាទីជានាយករដ្ឋមន្ត្រីក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ តាមរយៈលោកឯកអគ្គរាជទូតជប៉ុន បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេច ជូននាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ និងបានជូនពរលោកឯកអគ្គរាជទូត សូមឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕