(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)» មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។ ជាក់ស្ដែង, សមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើង នៅទូទាំងតំបន់ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន»

សម្តេចធិបតី បានបន្តថា «វេទិកានានា ដូចជា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់ សម្រាប់ការជំរុញការវិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក, និងគូសរំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល។ កិច្ចប្រជុំកំពូលធុរកិច្ច នៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង ការវិនិយោគរវាងអាស៊ាន និងដៃគូសកល»

សម្តេចធិបតី បានថ្លែងទៀតថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួមក្នុងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។ រាជរដ្ឋាភិបាល ក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ថ្លែងទៀតថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់ការវិនិយោគក្នុងឆ្នាំ២០២៤ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីពិសេសនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជា មជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច, ហិរញ្ញវត្ថុ ។ល។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពីលក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕